(បាងកក)៖ ក្នុងសប្តាហ៍នេះយុវជនថៃជាច្រើននាក់ បាននាំគ្នាចូលទៅបួងសួងបន់ស្រន់ ដើម្បីបញ្ចៀសពីការចូលបម្រើកាតព្វកិច្ចយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
រាល់យុវជនដែលឈានដល់អាយុ ២១ឆ្នាំ នៅក្នុងប្រទេសថៃត្រូវតែចូលរួមក្នុងការ ជ្រើសរើសឲ្យបម្រើកាតព្វកិច្ចយោធាប្រចាំឆ្នាំ ដែលតែងចាប់ផ្តើមនៅខែមេសា ហើយមានអ្នកចុះឈ្មោះប្រមាណ ១០០,០០០នាក់ សម្រាប់រយៈពេលរហូតដល់០២ឆ្នាំ។
ខណៈ អ្នកខ្លះសម្រេចចូលដោយស្ម័គ្រចិត្ត អ្នកដទៃទៀតអាចចូលរួមតាមលក្ខណៈផ្សងសំណាង ដោយពួកគេត្រូវចាប់កាត ដែលមានពណ៌ពីរខុសគ្នាចេញពីប្រអប់មួយ ហើយរង់ចាំការប្រកាសថា វាជាកាតពណ៌ខ្មៅ ឬមួយក៏កាតពណ៌ក្រហម ដែលមានន័យថា ត្រូវបាន ជ្រើសរើសឲ្យចូលបំពេញកាតព្វកិច្ចយោធា ឬក៏អត់។
សម្រាប់យុវជនថៃដែលមិនចង់ចូលបម្រើកាតព្វកិច្ចយោធា បានចាប់ផ្តើមនាំគ្នាទៅធ្វើការបែរបន់នៅកន្លែង «យាយណាក់ ឬក៏ម៉ែណាក់» ដែលស្ថិតក្នុងវត្តមហាប៊ុតក្នុងទីក្រុងបាងកក។ បើរឿងព្រេងនិយាយតៗគ្នា គឺខណៈដែលប្តីរបស់គាត់ត្រូវទៅបំពេញបម្រើយោធានៅទីឆ្ងាយ គាត់ក៏បានស្លាបតែម្នាក់ពេលសម្រាលកូន។ រឿងព្រឺព្រួចមានចំណងជើងថា «Pee Mak» កាលពីឆ្នាំ២០១៣ របស់ប្រទេសថៃបានយកតាមរឿងព្រេងនេះ។
គួរជម្រាបថា ការបម្រើកាតព្វកិច្ចយោធា គឺជាប្រធានបទដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធានៅឡើយ ហើយក្រុមអ្នកនយោបាយប្រឆាំងនឹងរបបសឹក ក្នុងការបោះឆ្នោតកាលពីខែមីនាកន្លងទៅនេះ បានលើកឡើងពីការបិទបញ្ចប់ទំនៀមទំលាប់នៃកាតព្វកិច្ចនេះផងដែរ៕