(អេត្យូពីរ)៖ មានការបង្ហើបឲ្យដឹងអំពីមូលហេតុថ្មី ដែលនៅពីក្រោយការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី (Ethiopian Airlines) ដែលបានផ្តាច់ជីវិតមនុស្ស ១៥៧នាក់កាលពីខែមីនា ខណៈដែលការស៊ើបអង្កេតប្រអប់ខ្មៅទាំងពីរ នៅមិនទាន់ចេញលទ្ធផលផ្លូវការ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន ABC News នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
យោងតាមប្រភពដែលស្និទ្ធនឹងការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះខាងលើ គឺឧបករណ៍ស្ទាបស្ទង់កម្រិតមុំ angle-of-attack របស់យន្តហោះ ទំនងជាបានខូចនៅពេលហោះហើរ ដោយសារតែប៉ះជាមួយសត្វបក្សី ឬវត្ថុអ្វីម៉្យាង ដែលជាហេតុបង្កឲ្យមានការអានទិន្នន័យខុស ហើយលោតទៅដំណើរការប្រព័ន្ធ anti-stall system ហៅថា MCAS (ប្រព័ន្ធបញ្ជាចល័តទិសស្វ័យប្រវត្តិ) ដែលជាប្រព័ន្ធជួយជំរុញក្បាលយន្តហោះ មុជចុះក្រោមរហូតទាល់តែវាធ្លាក់បុកដីតែម្តង។
គួរជម្រាបថា លទ្ធផលបឋមនៃការស៊ើបអង្កេត ករណីធ្លាក់យន្តហោះនៅអេត្យូពីត្រូវគេរំពឹងថា នឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ។ ករណីធ្លាក់យន្តហោះអេត្យូពី និងឥណ្ឌូណេស៊ី ដែលសុទ្ធសឹងតែប្រភេទ Boeing 737 MAX នោះបាននាំឲ្យពិភពលោកបញ្ឈប់ការចរាចរណ៍យន្តហោះប្រភេទនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរកមូលហេតុធ្លាក់ នៃយន្តហោះអេត្យូពី និងការលទ្ធផលពិនិត្យដោយផ្ទាល់ពីក្រុមហ៊ុន Boeing៕