(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានព្រមានតួកគីជាថ្មីម្ដងទៀត ឱ្យលុបចោលកិច្ចព្រមព្រៀងទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 បើទោះជាទីក្រុងអង់ការ៉ាបញ្ជាក់ជាច្រើនដងថា គ្មានថ្ងៃផ្លាស់ប្ដូរចិត្តក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

ថ្លែងនាឱកាសអបអរខួបលើកទី ៧០ឆ្នាំ នៃថ្ងៃបង្កើតអង្គការ NATO នៅថ្ងៃពុធសប្ដាហ៍នេះ លោក Pence បានគូសបញ្ជាក់ដូច្នេះថា «តួកគីត្រូវតែជ្រើសរើសថា តើចង់បន្តស្ថិតនៅជាដៃគូក្នុងសម្ព័ន្ធយោធា ដ៏ជោគជ័យនៅក្នុងប្រវត្តិសាស្ត្រ ឬក៏ចង់ជួបហានិភ័យសន្តិសុខ ដោយសារតែការសម្រេចចិត្តដ៏ធ្វេសប្រហែស ដែលកំពុងបំផ្លាញសម្ព័ន្ធភាពរបស់យើង»។ ការលើកឡើងនេះរបស់ លោកអនុប្រធានាធិបតីអាមេរិក កើតមានឡើងក្នុងថ្ងៃតែមួយដែលតួកគី អះអាងថានឹងមិនបោះបង់ចោលគម្រោងទិញ S-400 ពីរុស្ស៊ីនោះទេ។

គួរបញ្ជាក់ថា តួកគីបានឈានដល់កិច្ចព្រមព្រៀងទិញ S-400 ពីរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយការប្រគល់ប្រព័ន្ធមីស៊ីលនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចុងឆ្នាំ២០១៩នេះ។ ប៉ុន្តែ ទន្ទឹមគ្នាសហរដ្ឋអាមេរិកបានព្រមានថា តួកគីអាចនឹងប្រឈមមុខទណ្ឌកម្ម ឬការលុបចោលការប្រគល់យន្ដហោះចម្បាំងអាមេរិក F-35 ចំនួន ១០០គ្រឿង បើមិនព្រមបោះបង់ចោលគម្រោងទិញ S-400 ទេនោះ៕