(តូក្យូ)៖ រាជអាជ្ញាទីក្រុងតូក្យូបានចាប់ខ្លួនអតីតប្រធានក្រុមហ៊ុនផលិតរថយន្ដ Nissan លោក ខាឡូស ហ្គោន (Carlos Ghosn) សាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសំណុំរឿង រំលោភលើសេចក្ដីទុកចិត្តធ្ងន់ធ្ងរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

លោក Carlos Ghosn ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីដើមខែមីនាកន្លងទៅថ្មីៗ នេះប៉ុណ្ណោះ ក្រោយពីលោកបានជាប់ឃុំក្នុងមន្ទីរឃុំឃាំង អស់រយៈពេលជិត ១០០ថ្ងៃ។ ប៉ុន្តែបើតាមស្ថានីយទូរទស្សន៍ជប៉ុន NHK ក្រុមព្រះរាជអាជ្ញាបាន សម្រុកចូល ទៅក្នុងផ្ទះរបស់លោក Ghosn នៅម៉ោង ៦៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតូក្យូ) ហើយក្រោយមកគេឃើញរថយន្ដមួយគ្រឿងដឹកអតីតប្រធានក្រុមហ៊ុន Nissan រូបនេះទៅដល់ការិយាល័យរាជអាជ្ញានៅម៉ោង ៧៖០០ព្រឹក។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការចាប់ខ្លួនលោក Carlos Ghosn ត្រូវបានចាប់ខ្លួនសាជាថ្មីដោយមានការសង្ស័យថា លោកមានជាប់ពាក់ព័ន្ធនឹង ការចាយលុយបម្រុង (លុយតម្កល់) របស់ក្រុមហ៊ុនជាង ៣៤លានដុល្លារ សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ទោះបីជាបែបនេះក្តី ព័ត៌មានលម្អិត ជុំវិញរឿងនេះ នៅមិនទាន់មាននៅឡើយទេ ប៉ុន្តែកាលពីដើមខែមីនា លោក Ghosn បានយល់ព្រម បង់ ប្រាប់ ១០លានដុល្លារអាមេរិក ដើម្បីសុំនៅក្រៅឃុំក្រោយពីបានជាប់ឃុំអស់ជាង១០០ថ្ងៃ៕