Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីប្រេស៊ីលស្ទាក់ស្ទើរ មិនហ៊ានទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលតាមអាមេរិក ដែលផ្ទុយពីការសន្យាមុនបោះឆ្នោត (Video inside)

04-04-2019 10:03

(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានបរាជ័យធ្វើតាមពាក្យសន្យារបស់ខ្លួន ក្នុងការរើស្ថានទូតប្រេស៊ីលប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម នាឱកាសដែលលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេស អ៊ីស្រាអែលកាលពីអង្គារកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

លោក Bolsonaro បានចាកចេញពីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ត្រឡប់ទៅប្រទេសប្រេស៊ីលវិញបន្ទាប់ពីបញ្ចប់ ទស្សនកិច្ចរយៈពេល០៤ថ្ងៃរបស់លោក។ ប៉ុន្តែនៅចំពោះមុខនាយករដ្ឋមន្ត្រីលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) លោក Bolsonaro ដែលគេដាក់រហស្សនាមឱ្យថា ដូណាល់ ត្រាំ របស់ប្រេស៊ីល មានការស្ទាក់ស្ទើរពាក់ព័ន្ធនឹងការរើស្ថានទូតទៅកាន់ទីក្រុងហ្សេរុយសាឡឹម តាមការសន្យានៅពេលស្បថឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមករាកន្លងទៅ ដោយសារតែខ្លាចប៉ះពាល់ដល់ពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសអារ៉ាប់។

បន្ថែមពីលើនេះ អាជ្ញាធរប្រេស៊ីលបានសម្រេចចិត្តបង្កើតត្រឹមតែការិយាល័យពាណិជ្ជកម្ម នៅក្នុងទីក្រុងហ្សេរុយសាឡឹម ដោយមិនមែនរើស្ថានទូតតាមសហរដ្ឋអាមេរិកនោះឡើយ។ ប្រទេសណាក៏ដោយ ការធ្វើពាណិជ្ជកម្មគឺជាកត្តាចម្បងបំផុតនៃទំនាក់ទំនងការទូត ហើយរបស់ពាក្យសម្តីរបស់មេដឹកនាំប្រេស៊ីលនេះ គឺជាការគិតគូរធំមួយទៅដល់ ទំនាក់ទំនង ជាមួយបណ្តារដ្ឋអារ៉ាប់ទាំងអស់ (២២ប្រទេស) ដែលបានចាត់ទុកការសម្រេចទទួលស្គាល់ រដ្ឋធានី ហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែលនោះ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។

គួរបញ្ជាក់ថា លោក Jair Bolsonaro កាលពីខែមករាបានសន្យាថា នឹងដើរតាមសហរដ្ឋអាមេរិកដោយរើស្ថានទូតប្រេស៊ីល ប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បើទោះជាបណ្ដាប្រទេសជាច្រើននាំគ្នាថ្កោលទោស ចំពោះការសម្រេចចិត្តបែបនេះក៏ដោយ។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Bolsonaro ថែមទាំងបាននិយាយត្រង់ៗទៀតថា ការសន្យាពេលបោះឆ្នោត និងពេលឡើងកាន់តំណែង ជាក់ស្តែង គឺជាស្ថានភាពខុសគ្នាដាច់ស្រឡះ ដូច្នេះការទទួលស្គាល់ហ្សេរុយសាឡឹមជា រដ្ឋធានីរបស់អ៊ីស្រាអែលតាមអាមេរិក គឺជារឿងពិបាកទៅរួចជាងទៅរួច ព្រោះវាអាចបំផ្លាញ ពាណិជ្ជកម្មរវាងប្រេស៊ីល-សម្ព័ន្ធអារ៉ាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារបាន។

ទោះបីជាបែបនេះក្តីគេនៅមិនទាន់ដឹងថា តើសហរដ្ឋអាមេរិកអាចមានប្រតិកម្ម បែបណានោះឡើយ ចំពោះលោក Bolsonaro ប៉ុន្តែប្រេស៊ីលត្រូវបានគេចាត់ទុកថា ជាប្រទេសបងធំគេនៅអាមេរិកឡាទីន និងធំធេង មួយដែរនៅលើពិភពលោក ដូច្នេះការសម្រេចចិត្តរបស់ប្រេស៊ីលអាចទម្ងន់គ្រប់គ្រាន់ និងឲ្យប្រទេសនានាយល់ស្របតាម៕