(សេអ៊ូល)៖ ក្រុមហ៊ុនទូរគមនាគមន៍កូរ៉េខាងត្បូង SK Telecom បានឲ្យដឹងថា ខ្លួននឹងដាក់ដំណើរការបណ្តាញសេវា 5G ក្នុងសប្តាហ៍នេះ ដើម្បីបើកទំព័រថ្មីនៃការធ្វើចរាចរណ៍ទិន្នន័យ នៅក្នុងល្បឿនកម្រិតកំពូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ SK Telecom បណ្តាញសេវា 5G នឹងអាចឲ្យ អ្នកប្រើប្រាស់ដំណើរការបាន ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅ បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍នេះ បានសាងសង់ស្ថានីយគោល 5G សរុបប្រមាណ ៣៤,០០០កន្លែង ដែលនឹងអាចផ្តល់ការគ្របដណ្តប់សេវា 5G បានទូលំលាយនៅក្នុងប្រទេស។ បណ្តាញសេវា 5G របស់ SK Telecom នឹងអាចទ្រទ្រង់ ការធ្វើចរាចរណ៍ទិន្នន័យបានក្នុងល្បឿនរហូតដល់ទៅ ២.៧ជីហ្គាបៃក្នុងមួយវិនាទី (Gbps)។
ក្រុមហ៊ុន SK Telecom បានបញ្ជាក់ថា បណ្តាញ 5G របស់ខ្លួននឹងគ្របដណ្តប់លើតំបន់ដែលមានការធ្វើចរាចរណ៍ទិន្នន័យខ្ពស់ នៅក្នុង ៨៥ទីក្រុងជុំវិញប្រទេស រួមមានតំបន់ទីប្រជុំជន សាកលវិទ្យាល័យ កីឡដ្ឋាន ផ្លូវ Expressway រថភ្លើងល្បឿនលឿន ផ្សារទំនើប និងអាកាសយានដ្ឋានជាដើម ហើយក្រុមហ៊ុនក៏បានគ្រោងនឹងពង្រីកការគ្របដណ្តប់សេវា 5G ឲ្យដល់តាមស្ថានីយរថភ្លើងក្រោមដី ឧទ្យានជាតិ និងតំបន់បុណ្យទាននានា នៅពាក់កណ្តាលឆ្នាំនេះផងដែរ៕