គ្មានការស្នើសុំឲ្យផ្តល់ទីជ្រកកោនជូន លោក ម៉ាឌូរ៉ូ ពីសំណាក់អាមេរិកនោះឡើយ, នេះបើតាមមន្ត្រីរដ្ឋាភិបាលម៉ិចស៊ីកូ (Video inside)
03-04-2019 15:41
(ម៉ិចស៊ីកូស៊ីធី)៖ រដ្ឋមន្រ្តីការបរទេសម៉ិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានឲ្យដឹងថា អាជ្ញាធរអាមេរិកពុំបានស្នើឲ្យម៉ិចស៊ីកូ ផ្តល់សិទ្ធិជ្រកកោនដល់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនយោបាយដ៏តានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡានោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីម៉ិចស៊ីកូស៊ីធី លោក Ebrard បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានទទួលសំណើណាមួយ ឲ្យយើងផ្តល់សិទ្ធិជ្រកកោនដល់លោក ម៉ាឌូរ៉ូ នោះឡើយ។ និយាយដោយត្រង់ទៅ ខ្ញុំពុំដឹងទាល់តែសោះអំពីគម្រោងបែបនេះ។ តែម៉ិចស៊ីកូជឿជាក់ថា វាជារឿងដ៏ចាបាច់ក្នុងការចរចា ទាក់ទង និងបោះជំហានឆ្ពោះទៅរកដំណោះស្រាយមួយ ដែលនឹងទប់ស្កាត់មិនឲ្យមានវិបត្តិមនុស្សជាតិធ្ងន់ធ្ងរ នៅក្នុងប្រទេសវេណេស៊ុយអេឡា»។
គួរជម្រាបថា ថ្មីៗនេះមានសេចក្តីរាយការណ៍ព័ត៌មានថា ប្រទេសម៉ិចស៊ីកូអាចផ្តល់សិទ្ធិជ្រកកោនដល់លោក ម៉ាឌូរ៉ូ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកដែលគាំទ្រលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) មេបក្សប្រឆាំងវេណេស៊ុយអេឡានោះ បានទាក់ទងជាមួយម៉ិចស៊ីកូ អំពីអនាគតរបស់លោក ម៉ាឌូរ៉ូ។ កន្លងមកម៉ិចស៊ីកូបានបញ្ជាក់ជាដដែលៗថា ខ្លួនមិនចង់លូកដៃចូលជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង របស់វេណេស៊ុយអេឡានោះឡើយ៕