នាយករដ្ឋមន្ត្រីថៃ ទុកពេល៧ថ្ងៃឱ្យអាជ្ញាធរដោះស្រាយបញ្ហាផ្សែងពុលនៅខេត្តឈៀងម៉ៃ (Video inside)
02-04-2019 21:58
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តទុកពេលវេលា៧ថ្ងៃឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាផ្សែងពុលនៅក្នុងខេត្តឈៀងម៉ៃ (Chiang Mai) ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
លោក ប្រាយុទ្ធ ថ្លែងបែបនេះនាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្ត ឈៀងម៉ៃ ហើយលោកក៏បានអំពាវនាវឱ្យប្រជាជន ក្នុងតំបន់បញ្ឈប់ការដុតដំណាំផងដែរ។ នាយករដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញថាបញ្ហា ដុតដំណំានៅក្នុងតំបន់ត្រូវតែបញ្ឈប់ ឬត្រូវដោះស្រាយក្នុងរយៈពេល៧ថ្ងៃ ពោលគឺនិយាយជារួមគ្មាននរណាម្នាក់អាច ដុតភ្លើងនៅក្នុងព្រៃនោះទេ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន តំបន់ភាគខាងជើងប្រទេសថៃកំពុងរងគ្រោះដោយសារផ្សែងពុលជាមួយកម្រិតភាគល្អិត PM2.5 ដែល ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង ខណៈសាលារៀនមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន៕