(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិអាមេរិក នៅក្នុងសប្ដាហ៍នេះបានសម្រេចចិត្តផ្អាកការប្រគល់បរិក្ខាពាក់ព័ន្ធនឹងយន្ដហោះ ចម្បាំង F-35 ឱ្យតួកគីហើយ ដោយសារតែទីក្រុងអង់ការ៉ាមិនព្រមបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី៕

២៖ ប្រធានអង្គការ NASA បានហៅការធ្វើតេស្ត បាញ់ផ្កាយរណបរបស់ប្រទេសឥណ្ឌា គឺជារឿងអាក្រក់មួយ ដោយសារ វាបានបង្កើតកម្ទេចកម្ទីប្រមាណជាង ៤០០បំណែកក្នុងលំហអវកាស ដែលអាចបង្កជាហានិភ័យសម្រាប់ក្រុមអវកាស យានិកដែលនៅលើស្ថានីយអវកាសអន្តរជាតិ ISS ថែមទៀតផង៕

៣៖ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ទទួលបានកិច្ចសន្យាមានតម្លៃជាង «២.៤ពាន់លានដុល្លារ» ពីទីភ្នាក់ងារមីស៊ីលអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត៕

៤៖ ប្រធានដឹកនាំកិច្ចចរចាសហភាពអឺរ៉ុប (EU) លោក Michel Barnier បាននិយាយថា ខណៈនេះចក្រភពអង់គ្លេស ទំនងជា នឹង ត្រូវដកខ្លួនចេញពី EU ដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់រវាងគ្នា ប៉ុន្តែរឿងនេះអាចនៅបញ្ចៀសបាន៕

៥៖ រដ្ឋាភិបាលអាមេរិកកំពុងពិចារណា វេចខ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់ទៅលើប្រទេសអ៊ីរ៉ង់ដែលមានគោលដៅ លើវិស័យសេដ្ឋកិច្ចវិញម្តង ខណៈកញ្ចប់ទណ្ឌកម្មចំនួនពីរកន្លងទៅ ដែលទីក្រុងវ៉ាស៊ីនតោនដាក់ចេញកាលពីឆ្នាំមុន មិនបានប៉ះពាល់វិស័យនេះរបស់អ៊ីរ៉ង់ឡើយ៕

៦៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា លោកបានសម្រេចតែងតាំងរដ្ឋមន្រ្តីអគ្គិសនីថ្មី នៅចំពោះមុខបញ្ហាដាច់ភ្លើង ម្តងហើយម្តងទៀត ស្ទើរតែទូទាំងប្រទេស ជាពិសេសក្នុងអំឡុងខែមីនាកន្លងទៅ៕