(ឡុងដ៍)៖ ប្រធានដឹកនាំកិច្ចចរចាសហភាពអឺរ៉ុប (EU) លោក Michel Barnier បាននិយាយថា ខណៈនេះ ចក្រភពអង់គ្លេសទំនងជានឹងត្រូវដកខ្លួនចេញពី EU ដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់រវាងគ្នា ប៉ុន្តែរឿងនេះអាចនៅបញ្ចៀសបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ បានលើកឡើងថា ការបន្តពន្យារពេលវេលារយៈពេលវែងបន្ថែមពីលើកាលបរិច្ឆេទនៃការត្រូវធ្វើ Brexit (ការដកខ្លួនចេញពី EU) របស់ចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ន គឺនៅថ្ងៃទី១២ ខែមេសានេះ អាចជះហានិភ័យអាក្រក់សម្រាប់សហភាពអឺរ៉ុបផ្ទាល់ ហើយមិនតែប៉ុណ្ណោះហេតុផលដែលមិនអាចប្រកែកបានមួយ គឺនឹងត្រូវការចាំបាច់ មុនពេល EU អាចទទួលយល់ព្រម។
បើតាមការយល់ឃើញរបស់លោក Barnier ពីមួយថ្ងៃទៅមួយថ្ងៃ ចក្រភពអង់គ្លេសកំពុងសំដៅឆ្ពោះទៅរកការធ្វើ Brexit ដោយមិនមានកិច្ចព្រមព្រៀង ហើយដើម្បីបញ្ចៀសរឿងនេះបាន មានវិធីតែមួយគត់ គឺសភាអង់គ្លេសត្រូវតែបោះឆ្នោតលើសច្ចាប័នដល់កិច្ចព្រមព្រៀងមួយ។
គួរជម្រាបថា រហូតមកទល់ពេលនេះ កិច្ចព្រមព្រៀងអំពីដំណើរការ Brexit ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានខិតខំចរចាជាមួយសហភាពអឺរ៉ុបនោះ ត្រូវបានសភាប្រទេសរបស់លោកស្រីទាត់ចោលដល់ទៅ០៣លើក ខណៈលោកស្រីបានស្នើ EU លើកថ្ងៃ Brexit ដែលពីដំបូងឡើយត្រូវប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ដោយ EU បានផ្តល់ជម្រើសឲ្យមកធ្វើនៅថ្ងៃទី១២ ខែមេសានេះវិញ និងបានសន្យាថា លោកស្រីនឹងលាលែងពីមុខតំណែងថែមទៀតផងប្រសិនបើកិច្ចព្រមព្រៀងអាចឆ្លងផុតសភា។ ប្រជាជនអង់គ្លេសក្នុងសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រឲ្យធ្វើ Brexit តាំងតែពីខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ៕