(ម៉ូស្គូ)៖ ភ្ញៀវទេសចរណ៍ដែលទៅទស្សនាកម្សាន្តផ្ទាំងទឹកកក ប្រៃដាមែរឃើចូលខាល់ (Breidamerkurjokull) ត្រូវបង្ខំចិត្តរត់គេចចេញពីរលកទឹកដ៏ សែនត្រជាក់បង្កឡើងដោយការបាក់ផ្ទាំងទឹកកក ចូលទៅក្នុងទឹកសមុទ្រ និងបង្កជារលកធំៗគួរឲ្យព្រឺព្រួចបោកខ្ទប់ច្រាំងថ្មជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
រលកដ៏ធំបានកើតឡើងដោយសារការបាក់ផ្ទាំងទឹកកក ស្ថិតនៅភាគអាគេ្នយ៍នៃប្រទេសអ៊ីស្លង់ នៅចំពេលភ្ញៀវទេសចរណ៍ ជាច្រើននាក់កំពុងកម្សាន្តនៅទីនោះ។ ប៉ុន្តែ ហេតុការណ៍នេះមិនបានបណ្ដាលឱ្យមានជនរងគ្រោះនោះទេ ខណៈភ្ញៀវទេស ចរណ៍បានជម្លៀសខ្លួនចេញភ្លាមៗ ដើម្បីកុំឱ្យរលកសមុទ្រដ៏ត្រជាក់គួចយកទៅជាមួយ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើកើត សាក្សីម្នាក់ក៏បានថតវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមពីទិដ្ឋភាព បាក់ផ្ទាំងទឹកកកនេះដែរ។ វាមិនមែនជាសញ្ញាល្អនោះឡើយ ដោយវាបង្ហាញថា ការឡើងកម្តៅសកលកាន់តែក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភ៕