(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines នាថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងពីការបញ្ឈរជើងយន្តហោះធុន 787-10 របស់ក្រុមហ៊ុន Boeing ក្រោយរកឃើញមានបញ្ហាទាក់ទងនឹងម៉ាស៊ីនស៊េរីថ្មីរបស់វាគឺ Trent 1000 TEN ដែលជាផលិតផលរបស់ក្រុមហ៊ុន Rolls-Royce។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍ Singapore Airlines យន្តហោះ Boeing 787-10 ចំនួន ០២គ្រឿង ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការផ្លាស់ប្តូរម៉ាស៊ីន ដែលត្រូវបានក្រុមវិស្វកររកឃើញថា មានបញ្ហា។ គិតត្រឹមនៅចុងខែកុម្ភៈក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា យន្តហោះធុន 787 សរបុចំនួន ៣៥គ្រឿង ត្រូវបានបញ្ឈរជើងនៅជុំវិញពិភពលោក ដោយសារតែស្លាបចក្រ ម៉ាស៊ីនរបស់ពួកវា មានភាពសឹករិចរឹល ឬក៏លាន់សំឡេងខុសពីប្រក្រតី ខណៈ Rolls-Royce កំពុងព្យាយាមកាត់បន្ថយចំនួនយន្តហោះ ដែលត្រូវផ្អាកការហោះហើរ​ឲ្យមកនៅត្រឹម ១០គ្រឿងនៅដំណាច់ឆ្នាំនេះ។

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines (SIA) បានក្លាយជាអាកាសចរណ៍ដំបូងគេ លើកលោកដែលមានយន្តហោះ Boeing 787-10។ Boeing 737-10 អាចផ្ទុកអ្នកដំណើរសរុបបាន ៣៣៧នាក់៕