Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសបារាំងឆែកឃើញគ្រាប់បែកពីរគ្រាប់ មុនដំណើរទស្សនកិច្ចប្រធានាធិបតី ម៉ាក្រុង មកកាន់កោះ Corsica ដែលបារាំងកាន់កាប់

02-04-2019 15:23

(ប៉ារីស)៖ គ្រាប់បែកចំនួន ០២គ្រាប់ ត្រូវបានគេប្រទះឃើញនៅខាងមុខ អគាររដ្ឋាភិបាលនៅលើកោះ ខ័រស៊ីកា (Corsica) តែ០៣ថ្ងៃប៉ុណ្ណោះ មុនការបំពេញទស្សនកិច្ច របស់លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង មកកាន់ដែនកោះបារាំងនៅសមុទ្រមេឌីទេរ៉ាណេមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

យោងតាម RT កងកម្លាំងសន្តិសុខបារាំងក៏កំពុង បើកការស៊ើបអង្កេតលើករណីនេះដែរ នៅក្នុងសង្កាត់ បាស្ទីយ៉ា (Bastia) ស្ថិតនៅភាគឦសាននៃកោះ Corsica នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីគ្រាប់បែកកែច្នៃចំនួន ០២គ្រាប់ត្រូវបានគេប្រទះឃើញ នៅខាងមុខអគារមន្ទីររតនាគារជាតិ និងហិរញ្ញវត្ថុសាធារណៈ។ ដោយឡែកសារព័ត៌មាននៅក្នុងតំបន់ក៏បានបញ្ជាក់ដែរថា កញ្ចប់គ្រាប់បែកទាំងនេះផ្ទុកម្សៅ TNT (ម្សៅជាតិផ្ទុះ) ចំនួន ១០០ក្រាម។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរបារាំងកំពុងស៊ើបអង្កេតរកតំរុយថា តើការរកឃើញគ្រាប់បែកនេះ និងការបំពេញទស្សនកិច្ចរបស់ លោក ម៉ាក្រុង មានជាប់ពាក់ព័ន្ធនឹងគ្នាដែរ ឬទេ ខណៈប្រធានាធិបតីបារាំងរូបនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកកាន់តំបន់ Corsica នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕