(ការ៉ាកាស់)៖ ប្រធានតុលាការកំពូលវេណេស៊ុយអេឡា (TSJ) លោក ម៉ៃឃែល ម៉ូរែណូ (Maikel Moreno) បានបញ្ជាក់ជាថ្មីពីបទបញ្ជា ដែលហាមមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ចាកចេញពីប្រទេស ព្រមទាំងស្នើសុំសភាជាតិធម្មនុញ្ញ (ANC) ដកអភ័យឯកសិទ្ធិសភារបស់លោក Guaido ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Moreno បានឱ្យដឹងទៀតថា សេចក្ដីចម្លងឡើងវិញពីការសម្រេចចិត្តខាងលើ នឹងត្រូវបញ្ជូនទៅកាន់ ANC ដើម្បីស្នើដកអភ័យឯកសិទ្ធិសភារបស់លោក Guaido។ បន្ថែមពីនេះការស្នើទៀតសោត ទំនងជាធ្វើឡើងដោយសំអាងថា មេបក្សប្រឆាំងដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី លោក Guaido បានរំលោភលើបទបញ្ជាចាកចេញពីប្រទេស របស់តុលាការកំពូលកាលពីជាងមួយខែមុន។
គួរជម្រាបថា តុលាការកំពូលវេណេស៊ុយអេឡាបានហាមលោក Guaido ចាកចេញពីប្រទេស និងបង្កកទ្រព្យសម្បត្តិរបស់លោកកាលពីខែមករាកន្លងទៅ ប៉ុន្តែកាលណោះលោក ហ្គៃដូ មិនបានគោរពតាមនោះឡើយ ដោយថែមទាំងបានចេញពីប្រទេស ហើយចូលមកវិញដោយមានសហរដ្ឋអាមេរិក ជាអ្នកកាងនៅពីក្រោយ តាមរយៈការព្រមានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនឲ្យប៉ះពាល់មេបក្សប្រឆាំងរូបនេះឡើយ នៅពេលឈានជើងចូលប្រទេសវេណេស៊ុយអេឡាវិញនោះ៕