(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា លោកបានសម្រេចតែងតាំងរដ្ឋមន្រ្តីអគ្គិសនីថ្មី នៅចំពោះមុខបញ្ហាដាច់ភ្លើង ម្តងហើយម្តងទៀត ស្ទើរតែទូទាំងប្រទេស ជាពិសេសក្នុងអំឡុងខែមីនាកន្លងទៅ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីអគ្គិសនីទើបតែងថ្មីលោក អ៊ីហ្គ័រ ហ្គាវីឌា (Igor Gavidia) ត្រូវបានលោក ម៉ាឌូរ៉ូ កោតសរសើរថា គឺជាវិស្វករបម្រើការងារក្នុងវិស័យអគ្គីសនីមួយរូប ដែលមានបទពិសោធន៍ ២៥ឆ្នាំ។ លោក Gavidia បានបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនី មកពីសាកលវិទ្យាល័យកណ្តាលវេណេស៊ុយអេឡា និងជាប្រធាននៃអតីតក្រុមហ៊ុនអគ្គិសនី ឌែលខារ៉ូនី (Electrificacion del Caroni)។ លោក ម៉ាឌូរ៉ូ បាននិយាយថា ចាប់ពេលនេះតទៅលោក Gavidia គឺជាអ្នកគ្រប់គ្រងក្រសួងអគ្គិសនី និងជាប្រធាននៃក្រុមហ៊ុនអគ្គិសនីរដ្ឋ ខ័រផូអេផ្លិច (Corpoeplec)។
គួរជម្រាបថា វេណេស៊ុយអេឡាបានទទួលរងគ្រោះ ដោយសារបញ្ហាដាច់ចរន្តអគ្គិសនី ធ្ងន់ធ្ងរបំផុត កាលពីថ្ងៃទី០៧ ខែមីនា ដែលបានធ្វើឲ្យដែនដីស្ទើរតែគ្រប់រដ្ឋទាំងអស់ របស់ប្រទេសអាមេរិកឡាទីនមួយនេះ ស្ថិតក្នុងស្ថានភាពងងឹតអស់រយៈពេល ប្រមាណមួយសប្តាហ៍ ហើយពីពេលនោះមក បញ្ហាដដែលនេះក៏បានកើតឡើង ជាបន្តបន្ទាប់ម្តងហើយម្តងទៀត។ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានទម្លាក់កំហុស នៃបញ្ហាដាច់អគ្គិសនីនេះ ទៅលើក្រុមប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលព្យាយាមដាក់សម្ពាធមកលើខ្លួន៕