(ម៉ូស្គូ)៖ រូបភាពផ្កាយរណបមួយបានបង្ហាញថា ក្រុមជំនាញនៃប្រទេសចិនបានតម្លើងប្រព័ន្ធឡាស៊ែរប្រឆាំងផ្កាយរណប ស្ថិតនៅខេត្តស៊ីនជាំង (Xinjiang) នៅឯភាគខាងលិចប្រទេស។ នេះបើតាមគេហទំព័រ វ៉ាស៊ីនតោនហ្វ្រីប៊ីខុន (Washington Free Beacon) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
គេហទំព័រ Washington Free Beacon ផ្អែកលើរូបភាពផ្កាយរណប ដែលទទួលបានពីមន្ត្រីយោធាចូលនិវត្តន៍របស់ឥណ្ឌា គឺលោក វីណាយ៉ាក់ បាត (Vinayak Bhat) បានបញ្ជាក់ទៀតប្រព័ន្ធឡាស៊ែរខាងលើស្ថិតនៅចំងាយ ១៤៥ miles ឬ ២៣៣គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង យូរុមគី (Urumqi) ដែលជារដ្ឋធានីនៃខេត្ត Xinjiang និងស្ថិតនៅក្បែរបឹងមួយ។ លើសពីនេះទៅទៀតបើតាមលោក Bhat ប្រព័ន្ធឡាស៊ែរនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការបាញ់កម្ទេច និងបំផ្លាញផ្កាយរណបផងដែរ។
គួរបញ្ជាក់ថា ចិនធ្លាប់ត្រូវបានក្រុមអ្នកជំនាញអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកវាយតម្លៃថា អាចនឹងដំឡើងអាវុធកាំរស្មីឡាស៊ែរ ដែលអាចកម្ទេចគោលដៅនៅគន្លងគោចរកម្រិតទាបនៃភពផែនដី (ចាប់ពី ២,០០០គីឡូម៉ែត្រចុះក្រោម) នៅត្រឹមឆ្នាំ២០២០ ហើយនៅពាក់កណ្ដាលឆ្នាំ២០២០ ទីក្រុងប៉េកាំងអាចនឹងដាក់ពង្រាយអាវុធ ដែលមានសមត្ថភាពគំរាមកំហែងដល់ហេដ្ឋរចនាសម្ព័ន្ធ នៃប្រព័ន្ធផ្កាយរណបមិនមែនអុបទិច (non-optical satellites) ផងដែរ។
ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះវិញ ប្រទេសឥណ្ឌាក៏ត្រូវបានសហរដ្ឋអាមេរិកធ្វើការរិះគន់ខ្លាំងៗផងដែរ ចំពោះការប្រើប្រាស់មីស៊ីលបាញ់កម្ទេចផ្កាយរណប ហើយសហរដ្ឋអាមេរិកថែមទាំងបានព្រមានមិនឲ្យប្រទេសដទៃៗទៀត យកគំរូតាមឥណ្ឌានោះថែមទៀតផង ព្រោះវាត្រូវបានចាត់ទុកជារឿងគ្រោះថ្នាក់ ចំពោះសន្តិសុខនៅទីអវកាស ខណៈដែលសហរដ្ឋអាមេរិកទើបសម្រេចឲ្យមានការបង្កើតកងទ័ពអវកាស ដើម្បីការពារសន្តិសុខរបស់ខ្លួនពីការវាយប្រហារនៅទីអវកាស រួចទៅហើយនោះ៕