(វ៉ាស៊ីនតោន)៖ ប្រធានអង្គការ NASA បានហៅការធ្វើតេស្ត បាញ់ផ្កាយរណបរបស់ប្រទេសឥណ្ឌា គឺជារឿងអាក្រក់មួយ ដោយសារ វាបានបង្កើតកម្ទេចកម្ទីប្រមាណជាង ៤០០បំណែកក្នុងលំហអវកាស ដែលអាចបង្កជាហានិភ័យសម្រាប់ ក្រុមអវកាសយានិកដែលនៅលើ ស្ថានីយអវកាសអន្តរជាតិ ISS ថែមទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០១៩។
ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានលើកឡើងបែបនេះ បន្ទាប់ពីរយៈពេល០៥ថ្ងៃ ដែលឥណ្ឌាបានប្រើគ្រាប់មីស៊ីលបាញ់ កម្ទេចផ្កាយមួយគ្រឿងរបស់ខ្លួន នៅក្នុងគន្លងគោចរកម្រិតទាបរបស់ផែនដី ក្នុងការធ្វើតេស្តសាកល្បងមួយ ដើម្បីបញ្ជាក់ឲ្យពិភពលោកបានឃើញថា ប្រជាជាតិអាស៊ីមួយនេះ ក៏ស្ថិតនៅក្នុងចំណោមប្រទេសជាមហាអំណាចអវកាសផងដែរ និងស្ថិតនៅលេខរៀងទី ៤ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។
បើតាមលោក Bridenstine កម្ទេចកម្ទីទាំងអស់ដែលកើតចេញ ពីការបាញ់កម្ទេចផ្កាយរណបរបស់ឥណ្ឌា មិនមែនសុទ្ធតែមានទំហំធំគ្រប់គ្រាន់ ដើម្បីអាចឲ្យធ្វើការតាមដានបាននោះទេ។ បច្ចុប្បន្នយោធាអាមេរិក កំពុងតាមឃ្លាំមើលវត្ថុនានានៅក្នុងទីអវកាស ដើម្បីព្យាករណ៍ពីហានិភ័យ នៃការប៉ះទង្គិចគ្នាសម្រាប់ ISS និងផ្កាយរណប ដោយសំរាមទាំងនោះមានចំនួន ២៣,០០០បំណែក និងមានទំហំចាប់ ១០សង់ទីម៉ែត្រឡើងទៅ។
បន្ថែមពីខាងលើនេះ វាក៏រួមមានទាំងកម្ទេចកម្ទីអវកាសប្រហែល ១០,០០០បំណែកផងដែរ ដោយ ៣,០០០បំណែកក្នុងនោះទៀតសោត ត្រូវបានបង្កើតឡើងដោយ ព្រឹត្តិការណ៍តែមួយប៉ុណ្ណោះ គឺការបាញ់ធ្វើតេស្តកម្ទេចផ្កាយរណបរបស់ចិន កាលពីឆ្នាំ២០០៧ នៅរយៈកម្ពស់ ៨៥៣គីឡូម៉ែត្រពីផ្ទៃដី។ ក្រៅពីឥណ្ឌា និងចិន រុស្ស៊ីព្រមទាំងសហរដ្ឋអាមេរិកផ្ទាល់ ក៏ធ្លាប់បានធ្វើតេស្តដូចគ្នានេះផងដែរ ហើយសុទ្ធតែបានបន្សល់សំរាមដូចតែគ្នានៅទីអវកាស។
ប្រធាន NASA បានបញ្ជាក់ទៀតថា ខណៈផ្កាយរណបរបស់ឥណ្ឌា ត្រូវបានកម្ទេចចោលក្នុងរយៈកម្ពស់ត្រឹម ៣០០គីឡូម៉ែត្រ ដែលនៅទាបឆ្ងាយពីស្ថានីយ ISS និងផ្កាយរណបភាគច្រើនដែលស្ថិតក្នុងទីអវកាសនោះ បំណែកមួយចំនួនរបស់វា បានខ្ទាតទៅដល់គន្លងខ្ពស់ជាង ISS ទៅទៀត (ISS មានកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃដី)។ បើតាមលោក Bridenstine សរុបមកជាលទ្ធផលនៃការធ្វើតេស្តរបស់ឥណ្ឌា បានធ្វើឲ្យហានិភ័យ នៃការប៉ះទង្គិចរបស់ ISS កើនឡើងបន្ថែម ៤៤ភាគរយ សម្រាប់រយៈពេល ១០ថ្ងៃ ប៉ុន្តែហានិភ័យនេះនឹងរសាយទៅវិញ ខណៈដែល កម្ទេចកម្ទីភាគច្រើននឹងឆេះ នៅពេលវាធ្លាក់មកក្នុងបរិយាកាសផែនដី៕