(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នៅក្នុងសប្ដាហ៍នេះបានសម្រេចចិត្តផ្អាកការប្រគល់បរិក្ខាពាក់ព័ន្ធនឹងយន្ដហោះ ចម្បាំង F-35 ឱ្យតួកគីហើយ ដោយសារតែទីក្រុងអង់ការ៉ាមិនព្រមបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
ថ្លែងប្រាប់ CNN លោកវរសេនីយ៍ឯក Mike Andrews បានគូសបញ្ជាក់ដូច្នេះថា៖«ខណៈកំពុងទន្ទឹមរង់ចាំការសម្រេចចិត្ត របស់តួកគីលុបចោលការទិញ S-400 យើងបានសម្រេចចិត្តផ្អាកការប្រគល់បរិក្ខាពាក់ព័ន្ធនឹងយន្ដហោះចម្បាំង F-35 ឱ្យតួកគី...តែកិច្ចពិភាក្សារបស់យើងលើបញ្ហានេះនៅតែបន្តធ្វើឡើងជាមួយតួកគី»។ លោកបន្ថែមថាសហរដ្ឋអាមេរិក ពិតសោកស្ដាយដែលត្រូវផ្អាកការប្រគល់បរិក្ខា F-35 នេះ ប៉ុន្តែយ៉ាងណាក្រសួងការពារជាតិអាមេរិកនឹងចាត់វិធានការជា ដំណាក់កាល ដើម្បីការពារការវិនិយោគ និងបច្ចេកវិទ្យាអាមេរិកសំខាន់។
គួរបញ្ជាក់ថា ការប្រកាសផ្អាកការប្រគល់បរិក្ខាពាក់ព័ន្ធនឹងយន្ដហោះចម្បាំង F-35 ឱ្យតួកគី កើតមានឡើងនៅចំពេលដែល រដ្ឋមន្ត្រីការបរទេសតួកគីធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីរំលឹកខួបលើកទី៧០នៃថ្ងៃ បង្កើតអង្គការណាតូ។ តួកគីត្រូវបានគេរាយការណ៍ថាបានបញ្ជាទិញយន្ដហោះចម្បាំង F-35 ចំនួន១០០គ្រឿង ពីសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នការបញ្ជាទិញនេះកំពុងប្រឈមមុខនឹងការលុបចោល ដោយសារតែគម្រោងទិញ S-400 របស់ទីក្រុងអង់ការ៉ាពីរុស្ស៊ី៕