(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ មួយគ្រឿងហៅថា EMISAT ចេញពីភាគខាងត្បូងប្រទេសរបស់ខ្លួន ដើម្បីតាមដានសកម្មភាពគូសត្រូវពីទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
ផ្កាយរណបខាងលើត្រូវបានឥណ្ឌាចាត់ទុកថា គឺប្រៀបដូចជាកែវភ្នែករបស់ខ្លួននៅក្នុងទីអវកាស ហើយវាក៏ជាសញ្ញាមួយផងដែរថា ប្រជាជាតិអាស៊ីខាងត្បូងដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃនេះ មានគោលបំណងពង្រឹងការប្រុងជើងការ នៃកងកម្លាំងយោធារបស់ខ្លួន និងតាមឃ្លាំមើលសកម្មភាពផ្សេងៗរបស់គូសត្រូវ ឲ្យបានគ្រប់ជ្រុងជ្រោយជាងមុន។
ផ្កាយរណប EMISAT នឹងតាមដានក៏ដូចជាផ្តល់ឲ្យនូវ ព័ត៌មានទីតាំងនៃប្រព័ន្ធរ៉ាដារបស់សត្រូវ នៅក្នុងទឹកដីរបស់ពួកគេ ខណៈកន្លងមកឥណ្ឌាបានពឹងផ្អែកទាំងស្រុង ទៅលើការប្រើប្រាស់យន្តហោះ។ ការបាញ់បង្ហោះផ្កាយរណបយោធានេះ បានកើតមានបន្ទាប់ពី ឥណ្ឌាទើបតែទទួលបានជោគជ័យ ក្នុងការធ្វើតេស្តបាញ់កម្ទេចផ្កាយរណបកាលពីសប្តាហ៍មុន ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាអំណាចអវកាសធំៗទាំងបី គឺសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។
គួរជម្រាបថា ក្រៅពីផ្កាយរណបយោធា EMISAT នាថ្ងៃចន្ទនេះ ផ្កាយរណបខ្នាតតូចចំនួន ២៨គ្រឿង ទៀតរបស់បរទេសក៏ត្រូវបានគ្រាប់រ៉ុក្កែត Polar Satellite Launch Vehicle (PSLV C-45) នាំយកឡើងទៅទីអវកាសផងដែរ៕