(អ៊ុយក្រែន)៖ តារាកំប្លែងអ៊ុយក្រែនដែលគ្មានបទពិសោធន៍ខាងនយោបាយទាល់តែសោះ លោក Volodymyr Zelenskiy បានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
យោងតាមលទ្ធផលបឋម លោក Volodymyr Zelenskiy ទទួលបានសំឡេងគាំទ្រ៣០.៤ភាគរយ ខណៈប្រធានាធិបតី បច្ចុប្បន្នលោក Petro Poroshenko ទទួលបានសំឡេងគាំទ្រ១៧.៨ភាគរយ។ ចំណែកឯ អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Tymoshenko ត្រូវបានជម្រុះចេញពីការបោះឆ្នោតជុំទីមួយនេះដោយមានសំឡេងគាំទ្រ១៤.២ភាគរយ។
គួបញ្ជាក់ថា បើសិនជាលទ្ធផលខាងលើមិនប្រែប្រួល លោក Volodymyr Zelenskiy និងលោក Petro Poroshenko ដែលសុទ្ធសឹងតែមានទំនោរទៅរកសហភាពអឺរ៉ុបនឹងក្លាយជាបេក្ខជនតែ២រូបគត់ក្នុងចំណោមបេក្ខជនប្រធានាធិបតីសរុប៣៩នាក់ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងគ្នាសាជាថ្មី នៅក្នុងការបោះឆ្នោតជុំ២ នៅថ្ងៃទី២១ ខែមេសាខាងមុខនេះ៕