(វ៉ាស៊ីនតោន)៖ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg នាថ្ងៃសៅរ៍បានអំពាវនាវដល់ រដ្ឋាភិបាលនៃបណ្តាប្រទេសនានានៅជុំវិញពិភពលោក ចូលរួមដើរតួនាទីឲ្យសកម្មជាងមុន ក្នុងការគ្រប់គ្រងការប្រើប្រាស់បណ្តាញអ៊ីនធើណែត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។
កាលពីមុនមក Facebook និងបណ្តាញសង្គមក៏ដូចជាក្រុមហ៊ុនទាក់ទងផ្នែកអ៊ីនធើណែតឯទៀតៗ ពុំសូវមានការស្វាគមន៍នោះឡើយ ចំពោះការចូលមកពាក់ព័ន្ធពីសំណាក់រដ្ឋាភិបាល ប៉ុន្តែខណៈនេះ ក្រុមហ៊ុនបណ្តាញសង្គមនាំមុខគេនៅលើពិភពលោកមួយនេះ ហាក់បានប្តូរគោលជំហររបស់ខ្លួនវិញ។
បើតាមលោក Zuckerberg គឺរដ្ឋាភិបាលនិងស្ថាប័ននិយតកម្មនានាគួរដើរតួនាទីសកម្មជាងមុន ហើយលោកបានលើកឡើងថា «តាមរយៈការធ្វើបច្ចុប្បន្នភាពលើបទបញ្ញត្តិសម្រាប់ការប្រើប្រាស់អ៊ីនធើណែត យើងអាចថែរក្សានូវអ្វីដែលល្អបំផុតអំពីវា រួមមាន សេរីភាពនៃការបញ្ចេញមតិ និងសម្រាប់ឲ្យសហគ្រិនបង្កើតអ្វីថ្មីៗជាដើម ប៉ុន្តែទន្ទឹមគ្នានេះយើងក៏អាចការពារសង្គមពីផលប៉ះពាល់អវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពជាងមុនផងដែរ»។
លោក Zuckerberg បានបញ្ជាក់ថា បទបញ្ញត្តិថ្មីសម្រាប់ការប្រើប្រាស់អ៊ីនធើណែត គឺត្រូវការចាំបាច់ក្នុងផ្នែកចំនួន៤ រួមមាន ព័ត៌មានដែលជះផលអវិជ្ជមានដល់សង្គម ការការពារដំណើរការបោះឆ្នោត ការការពារទិន្នន័យ និងការការពារឯកជនភាព របស់អ្នកប្រើប្រាស់ ដោយចំណុចទាំង៤នេះ គឺ Facebook សុទ្ធតែធ្លាប់ទទួលរងការរិះគន់៕