(វ៉ាស៊ីនតោន)៖ តាមរយៈការប្រើប្រាស់កែវយឺតមួយប្រភេទដែលបំពាក់នៅលើយន្តហោះ តារាវិទូបានអង្កេតឃើញការចាប់កំណើត នៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺពីយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។
ការសិក្សាអំពីការចាប់កំណើតរបស់ផ្កាយធំៗនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ជួយអ្នកវិទ្យាសាស្រ្តស្វែងយល់អំពីរបៀប ដែលផ្កាយទាំងនេះកកើតឡើងនៅក្នុងកាឡាក់ស៊ីដទៃៗទៀតនៅដាច់ឆ្ងាយ ដែលពុំអាចសិក្សាដោយលម្អិតបាន។ កែវយឺត SOFIA ដែលមានសមត្ថភាពខ្លាំងក្លា បានអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវឆ្លុះមើលឃើញនូវ ការចាប់កំណើតនៃពពួកផ្កាយ នៅក្នុងសំណុំពពកធូលីអវកាសដ៏ក្រាស់និងធំមួយ ហៅថា W51 ដែលមានសមាសធាតុផ្សំភាគច្រើនពីអ៊ីដ្រូសែន។
ក្នុងចំណោមផ្កាយទាំងនោះដែលតារាវិទូបានរកឃើញមានផ្កាយមួយដួងទំនងជាធំខ្លាំង ដែលស្មើនឹងម៉ាសព្រះអាទិត្យ១០០ដង។ កែវយឺត SOFIA ត្រូវបានគេបំពាក់នៅលើយន្តហោះ Boeing 747 មួយគ្រឿង ហើយវាមានមុខកាត់២៧០សង់ទីម៉ែត្រ៕