(បាងកក)៖ ព្រះមហាក្សត្រ ក្សថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យដកហូតគ្រឿងឥស្សរិយយសដែលធ្លាប់ផ្ដល់ ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនមកវិញហើយ។ នេះបើតាមឯកសារមួយរបស់ព្រះបរមរាជវាំង ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។
ឯកសារខាងលើដដែល បានបញ្ជាក់ទៀតថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ធ្វើឡើង ដោយសារតែលោក ថាក់ស៊ីន ធា្លប់ត្រូវបានកាត់ទោសពីបទពុកលួយកាលពីឆ្នាំ២០០៨ និងរត់ភៀសខ្លួនទៅក្រៅប្រទេស ដែលនេះត្រូវបានចាត់ទុកថា ជាអាកប្បកិរិយាមិនសមរម្យ។ ប៉ុន្តែការដកហូតគ្រឿង ឥស្សរិយយសនេះ កើតមានឡើងតែជាងសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសថៃថា បានដំណើរការទៅដោយគ្មានភាពយុត្តិធម៌ និងតម្លាភាព ក្រោមការរៀបចំរបស់របបយោធា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ព្រះមហាក្សត្រក្ស Maha Vajiralongkorn ក៏បានចេញព្រះរាជក្រឹត្យមួយផងដែរ ដោយអំពាវនាវឱ្យប្រជាជនថៃជ្រើសរើសមនុស្សល្អឱ្យកាន់អំណាច ជាជាងមនុស្សអាក្រក់ដែលនាំឱ្យប្រទេសជួបភាពវឹកវរ៕