ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ផ្ញើសារឲ្យរដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា ដែលទំនងជាចង់ឲ្យលោកបោះចោល ម៉ាឌូរ៉ូ និងគាំទ្រ ហ្គៃដូ ជាមេបក្សប្រឆាំងវិញ (Video Inside)
30-03-2019 11:45
(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀ ផាទ្រីណូ (Vladimir Padrino) នៅថ្ងៃសុក្រសប្ដាហ៍នេះបានអះអាងថា ទទួលបានសារមួយពី ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដោយស្នើឱ្យលោកធ្វើអ្វីដែលត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។
តាមកញ្ចក់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡាលោក Padrino បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក Bolton! ខ្ញុំសូមប្រាប់លោកថាយើងកំពុងធ្វើរឿងត្រឹមត្រូវ ហើយការធ្វើរឿងត្រឹមត្រូវ គឺធ្វើតាមធ្វើអ្វីដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងគោរពតាមឆន្ទៈរបស់ប្រជាជន វេណេស៊ុយអេឡា»។ ប៉ុន្តែបើទោះជាមិនមានការបញ្ជាក់ថា រឿងត្រឹមត្រូវដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិកស្នើឱ្យ លោក Padrino ធ្វើនោះគឺជាអ្វីឲ្យប្រាកដក៏ដោយ ក៏មជ្ឈដ្ឋានខ្លះយល់ថា លោក Bolton ចង់ឱ្យរដ្ឋមន្ត្រីការពារជាតិរូបនេះ បោះបង់ចោលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងគាំទ្រមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
គួរជម្រាបថា បច្ចុប្បន្នយោធាវេណេស៊ុយអេឡាមិនបានទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្ដីទីនោះទេ ដោយនៅតែឈរខាងលោក ម៉ាឌូរ៉ូ ហើយក៏បានចាត់ទុកដែរថា ការប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់មេបក្សប្រឆាំង រូបនេះគឺជាទង្វើខុសច្បាប់៕