លោក ត្រាំ បានស្នើឲ្យលោក គីម ប្រគល់អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកទាំងអស់ឲ្យអាមេរិក ពេលជួបគ្នានៅហាណូយ, នេះបើតាមកំណត់ហេតុមួយ (Video Inside)
30-03-2019 10:45
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រគល់រាល់អាវុធនុយក្លេអ៊ែរ និងកម្មវិធីអាវុធប្រល័យលោកទាំងអស់របស់លោក ឱ្យសហរដ្ឋអាមេរិក នៅអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងដោយផ្អែកលើកំណត់ហេតុមួយ បញ្ជាក់ពីសំណើរបស់លោក ត្រាំ ដែល ផ្ដល់ឱ្យលោក គីម កាលពីថ្ងៃ២៨ ខែកុម្ភៈនៅឯសណ្ឋាគារមេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ។ កំណត់ហេតុនេះអាចនិយាយបានថា គឺជាការបញ្ជាក់ជាលើកដំបូងពីទស្សនវិស័យរបស់លោក ត្រាំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។
លើសពីនេះទៅទៀតកំណត់ហេតុនេះដដែលក៏បានឱ្យដឹងដែរថា ប្រធានាធិបតីអាមេរិករូបនេះបានស្នើឱ្យលោក គីម បំផ្លាញចោលរាល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ កម្មវិធីអាវុធគីមី និងអាវុធជីវសាស្រ្ត មីស៊ីលបាលិស្ទីគ ឧបករណ៍បាញ់មីស៊ីល រោងចក្រនុយក្លេអ៊ែរ ព្រមទាំងផ្លាស់ប្ដូរកម្មវិធីនុយក្លេអ៊ែរទៅជាសកម្មភាពស៊ីវិលធម្មតាផងដែរ។
គួររំលឹកថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមបានបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងថា ខាងកូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនទទួលយកសំណើពីសហរដ្ឋអាមេរិក ខណៈសារព័ត៌មានខ្លះថា ភាគីទាំង ២ បានជួបភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើការដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយនុយក្លេអ៊ែរទាំងស្រុងនោះ៕