(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគំាទ្រដល់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ដោយចាត់ទុកលោកស្រីថាជាមិត្តម្នាក់របស់លោក ខណៈអ្នកនយោបាយអង់គ្លេសកំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើ កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅមុនសភាអង់គ្លេសបោះឆ្នោតជាលើកទី៣លើកិច្ចព្រមព្រៀង Brexit របស់លោកស្រី May នៅថ្ងៃសុក្រនេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «គាត់ (លោកស្រី May) គឺជាមិត្តម្នាក់របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាគាត់នឹងធ្វើបានល្អ រីឯ Brexit និងអ្វីៗគ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូន»។ ប៉ុន្តែ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះ បានសរសើរអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ដែលតែងតែទទូចឱ្យលោកស្រី May ចុះចេញពី តំណែងផងដែរ ដោយលោកហៅលោក Johnson ក៏ជាមិត្តម្នាក់របស់លោកដែរ។
គួរបញ្ជាក់ថា ការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនានេះ ត្រូវបាន លើកពេលទៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះវិញ។ រីឯ លោកស្រី May បានសន្យានឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បើសិនជាសភា យល់ព្រមអនុម័តលើកិច្ចព្រមព្រៀងរបស់លោកស្រី៕