(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូនាថ្ងៃព្រហស្បតិ៍ បានដំឡើងកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង ផូផូខាតេផេត (Popocatepetl) នៅភាគកណ្តាលប្រទេស បន្ទាប់ពីវាបានបញ្ចេញសកម្មភាពកាន់តែមិនស្រួលខ្លាំងឡើងៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។
កម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Popocatepetl ត្រូវបានបង្កើនពីកម្រិតទី ២ ដល់កម្រិតទី ៣ គឺពីមធ្យមទៅខ្ពស់ដែលមានន័យថា អាជ្ញាធរ និងប្រជាជនទាំងឡាយនៅរស់នៅក្បែរតំបន់ភ្នំភ្លើង ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ សម្រាប់ការជម្លៀសខ្លួនដែល នឹងអាចកើតមានឡើងក្នុងពេលណាមួយ។
គួរជម្រាបថា ភ្នំភ្លើង Popocatepetl ស្ថិតនៅចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីម៉ិចស៊ីកូស៊ីធី។ ភ្នំភ្លើងនេះបានចាប់ផ្តើមបញ្ចេញសកម្មភាពជារឿយៗចាប់តាំងពីឆ្នាំ១៩៩៤មក ហើយត្រូវគេចាត់ទុកថា ជាភ្នំភ្លើងសកម្មបំផុតមួយនៅលើផែនដី ហើយក្នុងរយៈពេល ០២សប្តាហ៍ចុងក្រោយនេះ វាបានបញ្ចេញផ្សែង ផេះ និង បន្ទុះលាន់សំឡេងខ្លាំងៗជាប់រហូតមក។ បើតាមអាជ្ញាធរម៉ិចស៊ីកូមានមនុស្សប្រហែល ៤០,០០០នាក់ រស់នៅក្នុងរយៈចម្ងាយ ១៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង និងជិត ២៥លាននាក់រស់នៅក្នុងរង្វង់ក្រោម ១០០គីឡូម៉ែត្រពីមាត់ភ្នំ៕