(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ធ្លាក់យន្ដហោះ Boeing 737 MAX 8 នៅឯប្រទេសអេត្យូពី បានឈានដល់ការសន្និដ្ឋានបឋមមួយថា ប្រព័ន្ធទប់ទល់ពេលយន្តហោះជួបភាពរង្គោះរង្គើ (anti-stall system ឬ MCAS) ត្រូវបានដាក់ឲ្យដំណើរការនៅមុនពេលយន្ដហោះនេះធ្លាក់ដល់ដី។ នេះបើតាម Wall Street Journal ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។
យោងតាម Wall Street Journal ក្រុមអ្នកស៊ើបអង្កេតអាមេរិកធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើការពិនិត្យទិន្នន័យលើប្រអប់ខ្មៅ ដែលយកចេញពីយន្ដហោះ Boeing 737 MAX 8។ ប៉ុន្តែមិនមានការបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះ នោះទេ ខណៈរបាយការណ៍បឋមត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅសប្ដាហ៍ក្រោយនេះ។ ប្រព័ន្ធ anti-stall system នេះគឺជាប្រព័ន្ធរក្សាលំនឹងយន្តហោះដោយស្វ័យប្រវត្តិ នៅពេលដែលយន្តហោះជួបបញ្ហាភ្លាមៗនៅលើអាកាស ហើយការស៊ើបអង្កេតទៅលើយន្តហោះប្រភេទដូចគ្នាដែលបានធ្លាក់នៅឥណ្ឌូណេស៊ី ក៏ផ្តោតទៅលើប្រព័ន្ធនេះដែរ។
គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅក្រោយហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង អេដឌីស អាបាបា (Addis Ababa) ឆ្ពោះទៅកាន់ ប្រទេសកេនយ៉ាដោយបានផ្ដាច់ជីវិតមនុស្ស ដែលជិះនៅលើនោះទាំងអស់ ១៥៧នាក់។ បើសិនជាការស៊ើបអង្កេតចុងក្រោយពិតជារកឃើញថា យន្តហោះអេត្យូពីពិតជាបានជួបបញ្ហាលើប្រព័ន្ធ anto-stall system ដូចជាយន្តហោះឥណ្ឌូណេស៊ីនោះ ក្រុមហ៊ុន Boeing នឹងក្លាយជាអ្នកទទួលខុសត្រូវធំបំផុត នៅក្នុងសោកនាដកម្មទាំងពីរនេះ៕