(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ភពអង្គារ (Mars) ធ្លាប់មានទន្លេធំៗហើយវែងៗ ទោះបន្ទាប់ពីពេលដែលភពនេះបានបាត់ស្រទាប់បរិយាកាសភាគច្រើនបំផុតរបស់វាទៅក្នុងទីអវកាសក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។
កាលពីប្រមាណ ៣.៧ពាន់លានឆ្នាំមុន ភពអង្គារបានបាត់បង់ស្រទាប់បរិយាកាសស្ទើរតែទាំងស្រុង ដោយសារតែភាគល្អិតសាយ ភាយមកពីព្រះអាទិត្យ។ កាលនោះស្រទាប់បរិយាកាសរបស់ Mars មានលក្ខណៈស្តើងជាងផែនដីឆ្ងាយណាស់ ប៉ុន្តែយោងតាមលទ្ធផលសិក្សាថ្មីមួយ ដងទន្លេរបស់ភពដែលបច្ចុប្បន្នមានពណ៌ក្រហមនេះ គឺទំនងជាមិនបានរីងស្ងួតភ្លាមៗឡើយ រហូតទាល់តែមកដល់ប្រមាណតិចជាង ០១ពាន់លានឆ្នាំមុន ហើយ ផ្លូវទឹកទាំងនោះជាមធ្យមមានទំហំធំៗជាងទន្លេនៅលើភព របស់យើងទៅទៀត។
គួរជម្រាបថា មកទល់ពេលនេះអ្នកវិទ្យាសាស្រ្តនៅតែត្រូវខិតខំ សិក្សាស្វែងយល់ច្រើនថែមទៀត អំពីដំណើរវិវត្តន៍នៃអាកាសធាតុរបស់ភពអង្គារ។ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA និងបញ្ជូនយានរុករកថ្មីមួយគ្រឿងទៀត ដើម្បីទៅសិក្សាលើអតីតតំបន់ដីសណ្តរចំណាស់មួយ ដែលស្ថិតនៅក្នុងរណ្តៅចេហ្សែរ៉ូ (Jezero) របស់ភពអង្គារ៕