(ម៉ូស្គូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានកើតមានឡើងនៅក្បែរឧបទ្វីប ខាំឆាតកា (Kamchatka) នៃតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធររុស្ស៊ីនៅក្នុងតំបន់ខាងលើបានឲ្យដឹងថា រញ្ជួយដីខាងលើបានកើតឡើង នាព្រឹកថ្ងៃសុក្រនេះ ហើយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង ផេត្រូផាវឡូវខាំឆាតស្កាយ (Petropavlovsk-Kamchatsky) ជាមួយជម្រៅប្រហែល ៤០គីឡូម៉ែត្រទៅក្រោមបាតសមុទ្រ ។ បើតាមព័ត៌មានជាបឋម ពុំមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះ ឬមួយក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដោយសារ គ្រោះរញ្ជួយដីនេះឡើយ។
គួរជម្រាបថា ឧបទ្វីប Kamchatka ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា «Ring of Fire» ប្រការនេះនាំឲ្យតំបន់របស់ប្រទេសរុស្ស៊ីមួយនេះ ងាយរងគ្រោះបំផុត ដោយ រញ្ជួយដី៕