(បាងកក)៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា គណបក្សគាំទ្រយោធា ផាឡាង ប្រាឆារ៉ាត (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចា បានឈ្នះសំឡេង popular vote (សំឡេងឆ្នោតជាក់ស្តែង) នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ជាមួយការគាំទ្រពីអ្នកបោះឆ្នោតសរុប ៨.៤លានសំឡេង ខណៈបក្សភឿថៃដែលឈ្នះបានអាសនៈច្រើនក្នុងសភានោះ គឺទទួលបានសំឡេងឆ្នោតតិចជាងនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០១៩។
ផ្អែកលើលទ្ធផលមិនផ្លូវការ គណៈកម្មការរៀបចំការបោះឆ្នោតថៃក៏បានបញ្ជាក់ដែរថា គណបក្សភឿថៃទទួលបានសំឡេងឆ្នោត popular vote សរុប ៧.៩លានសំឡេងផងដែរ។ ប៉ុន្តែបើទោះជាលទ្ធផលនេះរាប់បាន ១០០ភាគរយក៏ដោយ វានៅតែ ក្រៅផ្លូវការដដែលរហូតដល់ថ្ងៃទី០៩ ខែឧសភា។ លើសពីនេះទៅទៀត គណៈកម្មការមួយ នេះមិនបានបង្ហាញពីលទ្ធផលបឋមទាំងស្រុង លើចំនួនអាសនៈទាំង ៥០០ ដែលគណបក្សនីមួយៗទទួលបាននោះឡើយ។
គួរជម្រាបថា ទាំងគណបក្ស Palang Pracharat និងគណបក្សភឿថៃ សុទ្ធតែអះអាងដូចគ្នាថា ពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដោយគណបក្សគាំទ្រយោធាថៃសំអាងលើសំឡេង popular vote រីឯគណបក្សស្និទ្ធនឹង អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន អាងលើសំឡេងអាសនៈសភាដែលខ្លួនទទួលបានច្រើនជាង និងការស្វែងរកបក្សជាដៃគូនានា ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលចំរុះ៕