(ប៉េកាំង)៖ ក្នុងពិធីបិទវេទិកាស្តីពីអភិបាលកិច្ចសកលរវាងចិន និងបារាំង ដែលបានបើកធ្វើនៅក្រុងប៉ារីសកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាមួយ ក្រោមចំណងជើងថា «រួមចំណែកទាំងបញ្ញាស្មារតី និងកម្លាំងដើម្បីកសាងផែនដីកាន់តែល្អបវរ»។
ឈរលើទស្សនៈខ្ពស់នៃការអភិវឌ្ឍសង្គមមនុស្សជាតិ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានលើកឡើងពីគម្រោងរបស់ប្រទេសចិនស្តីអំពី «ការប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងភាពសមហេតុផល, ការប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សា និងយោគយល់គ្នាទៅវិញទៅមក, ការប្រកាន់ខ្ជាប់នូវការរួមជោគវាសនាជាមួយគ្នា និងការប្រកាន់ខ្ជាប់នូវការទទួលបាន ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ»។ លោកបានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ ឲ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិបាលកិច្ចសកល និងខិតខំក្តាប់ជាប់ឲ្យក្នុងដៃនូវជោគវាសនានា នៅពេលអនាគតរបស់មនុស្សជាតិ។
ពិភពលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ។ ការងើបឡើងនៃប្រទេសដែលមានទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ បានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចពិភពលោកចំនួន ៨០ភាគរយ និងត្រូវជាប្រមាណ ៤០ភាគរយនៃទំហំសេដ្ឋកិច្ចសរុបលើពិភពលោក ។ និន្នាការនៃពហុប៉ូលភាវូបនីយកម្មសកលមានភាពច្បាស់លាស់។
ក្រៅពីនេះឯកតោភាគីនិយម និងការការពារនិយមមានភាពធ្ងន់ធ្ងរ ដែលបានប៉ះពាល់យ៉ាងខ្លាំងចំពោះពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ មិនតែប៉ុណ្ណោះ ការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីបន្តរីករាលដាលដូចជាភេរវកម្ម វិបត្តិជនភៀសខ្លួន និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ការអភិវឌ្ឍនៃមនុស្សជាតិកំពុងប្រឈមនឹងបញ្ហាអស្ថិរភាព និងមិនច្បាស់លាស់យ៉ាងលេចធ្លោ។
លោកប្រធាន ស៊ី ជីនភីង មានការពិនិត្យយ៉ាងច្បាស់លាស់ និងការគិតពិចារណាវែងឆ្ងាយ ចំពោះការផ្លាស់ប្តូរ និងការវិវឌ្ឍន៍នៃរចនាសម្ព័ន្ធអន្តរជាតិ។ ចាប់តាំងពីការសួរសំណួរស្តីពី «ពិភពលោកយ៉ាងម៉េចហើយ? យើងត្រូវធ្វើយ៉ាងដូចម្ត៉េច?» នៅពេលថ្លែងសុន្ទរកថាក្នុងទីស្នាក់កណ្តាលអង្គការសហប្រជាជាតិ នាខែមករា ឆ្នាំ២០១៧ ដល់ទៅការធ្វើវិនិច្ឆ័យដ៏សំខាន់ស្តីពី «ភាពចុះខ្សោយផ្នែកសន្តិភាព ភាពចុះខ្សោយផ្នែកអភិវឌ្ឍន៍ និងភាពចុះខ្សោយផ្នែកអភិបាលកិច្ច គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិទាំងមូល»។
នៅក្នុងវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ នាខែឧសភាឆ្នាំដដែល ព្រមទាំងរហូតដល់ការលើកឡើងពីគម្រោងចិន សម្រាប់ដោះស្រាយភាពចុះខ្សោយធំៗទាំង ៤ នៃមនុស្សជាតិ នៅពេលថ្លែងសុន្ទរកថានៅក្រុងប៉ារីសលើកនេះ លោក ស៊ី ជីនភីង បានគិតពិចារណានិងធ្វើការវិនិច្ឆ័យ ព្រមទាំងលើកឡើងនូវវិធីសាស្ត្រដើម្បីដោះស្រាយ ដោយឈរលើកម្រិតយុទ្ធសាស្ត្រនៃការជំរុញការកសាងសហគមន៍រួមវាសនាមនុស្សជាតិ និងសម្រេចការឈ្នះ-ឈ្នះ និងការចែករំលែកជាមួយគ្នាជានិច្ច បានបង្ហាញពីស្មារតីមនុស្សជាតិ ដួងចិត្តអន្តរជាតិ និងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ នៃមេដឹកនាំប្រទេសមហាអំណាចមួយរូប។
មើលពីភាពជាក់ស្តែងក្នុងគម្រោងប្រទេសចិននេះ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានថ្លែងថា គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកអភិបាលកិច្ច គឺត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិបាលកិច្ចសកល ដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា ប្រកាន់ខ្ជាប់ការដោះស្រាយកិច្ចការសកល ដោយការពិភាក្សាជាមួយប្រជាជននៃបណ្តាប្រទេសនានា។
គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកជំនឿទុកចិត្ត គឺប្រកាន់ខ្ជាប់ការស្វែងរកភាពដូចគ្នា និងមានភាពខុសគ្នា តាមការនិយាយឆ្លើយឆ្លងគ្នា និងការផ្លាស់ប្តូរ ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកខាងយុទ្ធសាស្ត្រ ។ គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកសន្តិភាព គឺគួរតែប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខថ្មី ដែលរួមគ្នាទូលំទូលាយកិច្ចសហប្រតិបត្តិការ និងជានិរន្តរភាព។
គន្លឹះនៃការដោះស្រាយភាពចុះខ្សោយផ្នែកអភិវឌ្ឍន៍ គឺប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មី និងជំរុញ យុត្តិធម៌ និងបរិយាប័ន្ន ដើម្បីណែនាំសកលភាវូបនីយកម្មខាងសេដ្ឋកិច្ចឲ្យរីកចម្រើនកាន់តែល្អប្រសើរ។ ក្នុងនោះអ្វីដែលហៅថា «ភាពចុះខ្សោយផ្នែកជំនឿទុកចិត្ត» គឺត្រូវលើកឡើងជាលើកដំបូង ដែលមានគោលដៅដោយពិតប្រាកដយ៉ាងខ្លាំង។ មិនថាការកើនឡើងនៃជម្លោះពាណិជ្ជកម្ម ទូទាំងពិភពលោក ឬក៏វិវាទនយោបាយតាមភូមិសាស្រ្ត ដែលបានកើតឡើងម្តងហើយម្តងទៀត សុទ្ធតែមានមូលហេតុក្នុងការខ្វះជំនឿទុកចិត្ត។
ក្នុងន័យនេះលោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានគូសបញ្ជាក់នៅទីក្រុងប៉ារីសថា ជំនឿទុកចិត្តជាកាវបិទសម្រាប់ទាញភ្ជាប់ដ៏ល្អបំផុត ក្នុងទំនាក់ទំនងអន្តរជាតិ។ លោកបានលើកឡើងថា ត្រូវដាក់ការគោរពគ្នា និងជឿទុកចិត្តគ្នានៅជួរមុខ ប្រកាន់ខ្ជាប់ទស្សនៈតម្លៃដ៏ត្រឹមត្រូវ និងបង្កើនការសន្ទនាគ្នា និងការផ្លាស់ប្តូរគ្នារវាងអរិយធម៌ផ្សេងគ្នាជាដើម។ គំនិតរបស់លោកទាំងនេះបានផ្តល់ជ្រុងមួយ សម្រាប់ការគិតពិចារណាដ៏សមហេតុផលសម្រាប់ដោះស្រាយការវិវាទក្នុងសង្គមមនុស្ស ហើយក៏បានចង្អុលទិសដៅដ៏ច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងរវាងចិន និងអឺរ៉ុបផងដែរ។
សុន្ទរកថារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ត្រូវបានទទួលការកោតសរសើរ ពីសំណាក់មេដឹកនាំអឺរ៉ុប ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទបញ្ចប់ វេទិកាអភិបាលកិច្ចសកលរវាងចិន និងបារាំង។ ភ្លាមៗបន្ទាប់ពីលោក ស៊ី ជីនភីង បានបញ្ចប់សុន្ទរកថា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានសរសេរ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា «សហភាពអឺរ៉ុប និងប្រទេសចិនកំពុងពួតដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល»។
លោក Jean Juncker ប្រធានគណៈកម្មាធិការអឺរ៉ុបក៏បានថែ្លងផងដែរថា សហភាពអឺរ៉ុប និងប្រទេសចិនមានបំណងបង្កើតទំនាក់ទំនងភាពជាដៃគូ កាន់តែស្និទ្ធស្នាលរវាងគ្នា និងគ្នា។ បច្ចុប្បន្ននេះ នៅពេលដែលមនុស្សជាតិកំពុងប្រឈមមុខ នឹងការជ្រើសរើសដែលចង់បានកិច្ចសហប្រតិបត្តិការ ឬភាពជាបដិបក្ខគ្នា ចង់បានការបើកទូលាយ ឬការបិទទ្វារ សហភាពអឺរ៉ុបកំពុងធ្វើដំណើរទៅតាមទិសដៅដ៏ត្រឹមត្រូវ។ ជាការពិតគម្រោងផែនការ ដែលពោរពេញទៅដោយប្រាជ្ញាចិន ក៏ជាជម្រើសដ៏ឈ្លាសវៃមួយសម្រាប់មនុស្សទាំងអស់ ដែលកំពុងស្វែងយល់ពិភពលោក ប្រទេសចិន និងខ្លួនឯងដោយត្រឹមត្រូវ៕