(ញូយ៉ក)៖ ទាក់ទិននឹងការដែលទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់តំបន់វិវាទ ហ្គោឡេន ហេចស៍ (Golan Heights) ជាទឹកដីស្របច្បាប់របស់អ៊ីស្រាអែល ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ លោក បាហ្សា ហ្សាអាហ្វារី (Bashar Jaafari) បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានដែនដីធំល្វឹងល្វើយខ្លាំង ដូច្នេះគួរចែកឲ្យ អ៊ីស្រាអែលខ្លះទៅ ជាជាងទៅចេះអារកាត់រឿងទឹកដីរបស់ប្រទេសដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
ការសម្រេចចិត្តកាន់ជើងអ៊ីស្រាអែលរបស់អាមេរិក តាមរយៈការប្រកាសទទួលស្គាល់ផ្លូវការ ចំពោះអធិបតេយ្យភាពអ៊ីស្រាអែលលើតំបន់ Golan Heights ដែលអ៊ីស្រាអែលបានដណ្តើមកាន់កាប់ពីប្រទេសស៊ីរី ហើយកាត់យកជាទឹកដីរបស់ខ្លួន កាលពីរាប់ទសវត្សរ៍មុនមកនោះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ ដូចកាលដែលទីក្រុងវ៉ាស៊ីនតោនបានចេញមុខ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលដូច្នោះដែរ។
នៅក្នុងកិច្ចប្រជុំប្រឹក្សាសន្តិសុខ UN នាថ្ងៃពុធលោក ហ្សាអាហ្វារី (Jaafari) បាននិយាយ ដាក់អាមេរិកថា «អ្នកអាចឲ្យពួកគេ (អ៊ីស្រាអែល) នូវរដ្ឋការ៉ូលីណាខាងជើង និងខាងត្បូងបានព្រោះថាទីតាំងទាំងនោះសុទ្ធតែតែជាដីល្អៗ ហេតុដូច្នេះបើចង់យកចិត្តអ៊ីស្រាអែលខ្លាំងណាស់នោះ ឲ្យដីរបស់ខ្លួនប៉ុន្មានរដ្ឋទៅអ៊ីស្រាអែលទៅគឺបានហើយ»។ សម្តីនេះបានធ្វើឲ្យ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅ UN គ្រវីក្បាលនិយាយពុំចេញ និងធ្វើឲ្យមានស្នាមញញឹមនៅលើមុខអ្នកខ្លះទៀតនៅក្នុងកិច្ចប្រជុំ។
លោកឯកអគ្គរដ្ឋទូតស៊ីរីថែមទាំងបានចោទចំៗលើរដ្ឋបាលលោក ដូណាល់ ត្រាំ ថា កំពុងព្យាយាមបំពេញចិត្តអ៊ីស្រាអែល តាមរយៈការជួយជ្រោមជ្រែងឱកាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការបោះឆ្នោតនាខែក្រោយ ចំពោះមុខរឿងអាស្រូវទាក់ទិនអំពើពុករលួយប្រឆាំងនឹងមេដឹកនាំរូបនេះ។
គួរជម្រាបថា តំបន់ Golan Heights ត្រូវបានអ៊ីស្រាអែលដណ្តើមយកពីស៊ីរី ក្នុងអំឡុងសម័យសង្រ្គាម ០៦ថ្ងៃ ជាមួយបណ្ដាប្រទេសអារ៉ាប់កាលពីឆ្នាំ១៩៦៧។ ប្រមាណ ១៤ឆ្នាំក្រោយមកសភាអ៊ីស្រាអែលក៏បានសម្រេច ចាត់បញ្ចូលតំបន់នេះជាទឹកដីរបស់ខ្លួន ខណៈពេលនោះក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានប្រកាសមិនទទួលស្គាល់ ការសម្រេចរបស់សភាអ៊ីស្រាអែលឡើយ ហើយនៅឆ្នាំ២០១៨ មហាសន្និបាត UN ក៏បានអនុម័តដំណោះស្រាយមួយ ដែលទទូចឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ Golan Heights ផងដែរ៕