(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដំបូងឡើយគួរតែគោរពតាមពាក្យសន្យារបស់ខ្លួន អំពីការដកកងទ័ពចេញពី ប្រទេសស៊ីរីជាមុនសិនទៅ មុនស្រែកអំពាវនាវឲ្យរុស្ស៊ីចេញពីវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
លោកស្រី Zakharova បានលើកឡើងដូច្នេះថា «មុនពេលណែនាំឲ្យអ្នកដទៃចាកចេញពីកន្លែងណាមួយ សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ គួរត្រូវអនុវត្តន៍តាមពាក្យសន្យា ដែលថានឹងដកទ័ពចេញពីប្រទេសស៊ីរីសិន ព្រោះថាប៉ុន្មានខែកន្លងផុតទៅហើយ ខ្ញុំចង់ឲ្យពួកគេបញ្ជាក់ឲ្យច្បាស់ថាដក ឬក៏មិនដក។ ដូច្នេះហើយមុនពេលមកចេះឈ្អឺឆ្អាលកិច្ចការប្រទេសគេ ខ្ញុំសូមណែនាំឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបំពេញតាមពាក្យសន្យារបស់ខ្លួន ចំពោះសហគមន៍អន្តរជាតិជាមុន»។
លោកស្រីអ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមទៀតថា លោកស្រីដូចជាមិនយល់ទង្វើរបស់ក្រុមប្រទេសលោកខាងលិចទាល់តែសោះ នៅពេលពួកគេអះអាងថា វេណេស៊ុយអេឡាកំពុងត្រូវការចាំបាច់នូវជំនួយមនុស្សធម៌ ប៉ុន្តែបែរជាទៅបង្កកគណនីធនាគាររបស់ទីក្រុងការ៉ាកាស់ នៅពាសពេញពិភពលោកឯណោះទៅវិញ។
គួរជម្រាបថា ភាពនៅមិនសុខរបស់ទីក្រុងវ៉ាស៊ីនតោន បានកើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងពិសេស និងអ្នកជំនាញព័ត៌មានវិទ្យារុស្ស៊ីជិត ១០០នាក់ ត្រូវបានបញ្ជូនទៅដល់ទីក្រុងការ៉ាកាស់ ដើម្បីផ្ដល់ជំនួយដល់លោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយឆ្លើយតបនឹងរឿងនេះដែរ សហរដ្ឋអាមេរិកថែមទាំងបានបង្ហើបពីចេតនាប្រើប្រាស់យោធាទៅដោះស្រាយបញ្ហាថែមទៀតផង៕