(ញូយ៉ក)៖ បេសកជនចិនប្រចាំអង្គការសហប្រជាជាតិ លោក វូ ហៃតាវ (Wu Haitao) បាននិយាយថាតំបន់ ហ្គោឡេន ហេចស៍ (Golan Heights) ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាដែនដីមួយដែលត្រូវគេ ប្រើប្រាស់កម្លាំងដណ្ដើមយកមក គ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លោក Wu Haitao បានបញ្ជាក់ថា UNSC បានអនុម័តលើដំណោះស្រាយជាច្រើន ស្នើឱ្យអ៊ីស្រាអែលដកចេញពីតំបន់ Golan Heights ដែលខ្លួនបានដណ្ដើមយកពីស៊ីរី អំឡុងសង្រ្គាម ០៦ថ្ងៃជាមួយបណ្ដាប្រទេសអារ៉ាប់កាលពីឆ្នាំ១៩៦៧។ លោកបានបន្ថែមថា ចិនជំទាស់ចំពោះការប៉ុនប៉ងកែប្រែការពិតមួយនេះ តាមរយៈសកម្មភាពឯកតោភាគី ហើយថាប៉េកាំងមិនចង់ឃើញភាពតានតឹងណាមួយ កើតឡើងជាថ្មីនៅក្នុង តំបន់នោះទេជាមួយអំពាវនាវឱ្យគ្រាប់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ និងគោរពតាមដំណោះស្រាយ UN។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយ តាមសំណើរបស់ស៊ីរីកាលពីល្ងាចថ្ងៃពុធ (ម៉ោងនៅអាមេរិក) បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់តំបន់ Golan Heights ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ ក្រុមអ្នកវិភាគ មួយចំនួនបានលើកឡើងថា ការទទួលស្គាល់របស់ សហរដ្ឋអាមេរិក ទៅលើតំបន់ ដែល ជាទឹកដីអ៊ីស្រាអែលដណ្តើមពីស៊ីរីយកមកគ្រប់គ្រងនោះ គឺដើម្បីបង្កើនប្រជាប្រិយភាពឲ្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្នលោក ណឺតាន់យ៉ាហ៊ូ ចំពោះមុខការបោះឆ្នោតសភា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុខ៕