(ឡុងដ៍)៖ លោកស្រី Theresa May បានសន្យាថានឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បើសិនជា កិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រីត្រូវបានសភាអនុម័ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
ការសន្យាបែបនេះរបស់លោកស្រី Theresa May ធ្វើឡើងនៅអំឡុងពេលថ្លែងសារទៅកាន់សមាជិកសភាអង់គ្លេស អភិរក្សនិយមនៅថ្ងៃពុធសប្ដាហ៍នេះ ហើយវាគឺជាការបញ្ចុះបញ្ចូលឱ្យគណបក្សរបស់លោកស្រីផ្ទាល់គាំទ្រកិច្ចព្រមព្រៀង Brexit របស់លោកស្រីដែលត្រូវបានសភាទាត់ចោល២លើករួចមកហើយ។ ថ្លែងនាឱកាសនោះ លោកស្រី May បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីលាលែងពីតំណែងមុនកាលកំណត់ ជាមួយគោលបំណងធ្វើ អ្វីដែលល្អសម្រាប់ប្រទេសរបស់យើង និងគណបក្សរបស់យើង»។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ សភាអង់គ្លេសក៏បានបោះឆ្នោតអនុម័តផងដែរលើការពន្យារពេលកាលបរិច្ឆេទ Brexit ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនានេះ ទៅថ្ងៃទី១២ ខែមេសាវិញ ដោយសំឡេងគាំទ្រ៤៤១ ទល់នឹង១០៥សំឡេង៕