(ប៉េកាំង)៖ អតីតប្រធានប៉ូលិសអន្តរជាតិចិន Interpol លោក Meng Hongwei នឹងត្រូវបានកាត់ទោសនៅក្នុងប្រទេសចិន ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមគណបក្សកម្មុយនិស្ដចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
គណបក្សកុម្មុយនិស្ដចិនបានឱ្យដឹងទៀតថាលោក Meng ក៏ត្រូវបានបណ្ដេញពីគណបក្ស និងដកតួនាទីក្នុងរដ្ឋាភិបាល ទាំងអស់ផងដែរ។ ការបាត់ខ្លួនរបស់លោក Meng កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅអំឡុងពេលត្រឡប់ទៅកាន់ ប្រទេសចិនបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ។
គួរបញ្ជាក់ថា លោក Meng Hongwei មានអាយុ៦៥ឆ្នាំ រស់នៅក្នុងប្រទេសបារាំង បានលាលែងពីតំណែងជាប្រធាន ប៉ូលិស Interpol បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចិនឃុំខ្លួន ហើយរហូតដល់ខែតុលា ឆ្នាំដដែលទើបអាជ្ញាធរចិនបញ្ជាក់ថា លោក Meng កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទទួលសំណូក និងពុករលួយ៕