(បាងកក)៖ គណបក្សគាំទ្រយោធាថៃ Palang Pracharat នៅថ្ងៃពុធនេះបានអះអាងថាខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការ បង្កើតរដ្ឋាភិបាលចំរុះ ដោយផ្អែកលើសំឡេងឆ្នោត popular vote។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Uttama Savanayana មេដឹកនាំគណបក្ស Palang Pracharat បានបញ្ជាក់ថា គណបក្សរបស់លោកនឹងស្វះស្វែងបង្កើតរដ្ឋាភិបាល ចាប់ពីពេលនេះរហូតដល់លទ្ធផលបោះឆ្នោតត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី០៩ ខែឧសភា។ លោក Uttama បានលើកឡើងដូច្នេះថា៖«យើងបានចាប់ផ្ដើមចរចាជាមួយគណបក្សដទៃ ប៉ុន្តែ យើងនៅត្រូវការពេលវេលាបន្ថែម ហើយយើងនឹងព្យាយាមតាមដែលអាចធ្វើទៅបានជាមួយនឹងទំនុកចិត្តក្នុងការបង្កើត រដ្ឋាភិបាល»។
គណបក្សគាំទ្រយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ផាឡាងប្រាឆារ៉ាត (Palang Pracharath) ទទួលបានសំឡេងឆ្នោត Popular vote ចំនួន ៧.៦លានសំឡេង រីឯគណបក្សភឿថៃបានតែ ៧.២លានសំឡេង។ លើសពីនេះទៅទៀត លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងដែរថានៅតែមានសង្ឃឹម ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ស្របពេលយោធាមានសំឡេង២៥០ស្រាប់ នៅក្នុងព្រឹទ្ធសភាដែលនឹងចូលរួមជាមួយសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សភឿថៃ លោកស្រី ស៊ូដារ៉ាត់ ឃីយួរ៉ាផាន់ (Sudarat Keyuraphan) នៅថ្ងៃពុធនេះ ក៏បាន ប្រកាសដែរថាក្រុមចំរុះប្រឆាំងរបបយោធា ប្រមូលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ២៥៥អាសនៈពីគណបក្សចំនួន ៧ ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ។ គណបក្សទាំងនេះមានដូចជា ភឿថៃ, អនាគតទៅមុខ (Future Forward), សេរីរួមថៃ (Seri Ruam Thai), ភឿឆាត (Puea Chat), ប្រាចឆាត (Prachchat) និងគណបក្ស ផាឡាងភួងឆុនថៃ (Phalang Puangchon Thai)។ ចំណែកឯ គណបក្សសេដ្ឋកិច្ចថ្មី (New Economics) ទោះបីជាមិនបានចូលរួមកិច្ចប្រជុំតែត្រូវបាន គេមើលឃើញថានឹងចូលរួមក្នុង ក្រុមចំរុះដឹកនាំដោយបក្សភឿថៃនេះដែរ។
ប៉ុន្តែបើទោះជាគណបក្សទាំង៧នេះ រួមបញ្ចូលគ្នាជាក្រុមចំរុះទទួលបានសំឡេងសរុប ២៥៥អាសនៈដែលគ្រប់គ្រាន់ក្នុង ការបង្កើតរដ្ឋាភិបាលក៏ដោយ ប៉ុន្តែវានៅឆ្ងាយពីសំឡេង ៣៦៧ដែលតម្រូវក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី៕