(អូតាវ៉ា)៖ ទីបំផុតក្រុមហ៊ុន វ៉ៃធើរ៉ា (Viterra) បានក្លាយជាក្រុមហ៊ុននាំចេញផលិតផលដំណាំ ខាណូឡា (Canola) ទីពីរហើយរបស់កាណាដា ដែលត្រូវបានចិនហាមឃាត់លែងឲ្យនាំចូលក្នុងប្រទេសខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
កន្លងទៅក្នុងខែមីនានេះ ក្រុមហ៊ុនកាណាដាមួយទៀតឈ្មោះថា រីឆាដសុន (Richardson International) ត្រូវបានជាប់បម្រាមស្រដៀងគ្នា នៅពេលរដ្ឋាភិបាលចិនបានប្រកាសថា អាជ្ញាធរខ្លួនបានរកឃើញមានវត្តមានសត្វល្អិតចង្រៃ ក្នុងផលិតផល Canola របស់ក្រុមហ៊ុន ដូច្នេះហើយបានសម្រេចផ្អាករាល់ការនាំចូលទាំងអស់ នៃផលិតផលដំណាំនេះ។ រីឯការដកអាជ្ញាបណ្ណនាំចូលរបស់ក្រុមហ៊ុន Viterra វិញត្រូវបានរដ្ឋបាលគយចិនអះអាងថា គឺមកពីហេតុផលដូចគ្នា។
បញ្ហាខាងលើនេះបានកើតមានឡើង នៅចំពោះមុខវិវាទផ្នែកការទូតរវាងប្រទេសចិន និងកាណាដា ដោយសារតែការចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគន៍ដ៏ធំមួយរបស់ចិន នៅឯទីក្រុងវែនខូវើ (Vancouver) ប្រទេសកាណាដាកាលពីចុងឆ្នាំមុន តាមសំណើរបស់អាជ្ញាធរអាមេរិក។
គួរជម្រាបថា Canola គឺជាដំណាំរុក្ខជាតិមួយប្រភេទមានផ្កាពណ៌លឿង ដែលត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកស្រាវជ្រាវរបស់កាណាដាកាលពីទសវត្សរ៍ ៧០។ គ្រាប់របស់វាអាចយកទៅកិនឲ្យក្លាយជាប្រេងបរិភោគបាន និងកែច្នៃទៅជាផលិតផលផ្សេងៗ ហើយ សំបកគ្រាប់របស់វាក៏អាចយកធ្វើជាចំណីរបស់សត្វបានផងដែរ។ នៅលើពិភពលោកនេះ កាណាដាគឺជាប្រទេសដែលនាំចេញផលិតផលដំណាំ Canola ច្រើនជាងគេបង្អស់ ដោយមានចិនជាអតិថិជនធំបំផុតផងដែរ។
ទាក់ទិនស្ថានការណ៍ខាងលើ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមដោះស្រាយបញ្ហានេះ និងពិចារណាបញ្ជូនប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសចិន៕