(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា នាថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា ប្រទេសឥណ្ឌាបានបាញ់ទម្លាក់ផ្កាយរណបមួយរបស់ខ្លួន ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី ដោយវាគឺជោគជ័យដ៏ធំមួយនៃការធ្វើតេស្តបច្ចេកវិទ្យាគ្រាប់មីស៊ីល ប្រឆាំងផ្កាយរណប (A-SAT)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសាសរព័ត៌មាន Independent នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការថ្លែងសារទៅកាន់ប្រជាជាតិនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាន លើកឡើងថា ឥណ្ឌា ទើបសម្រេចបានសមិទ្ធផលដ៏ធំមួយជាប្រវត្តិសាស្រ្ត គឺការប្រើប្រាស់មីស៊ីលបាញ់ទម្លាក់ផ្កាយរណបក្នុងទីអវកាសដោយជោគជ័យ ។ លោក Modi បានប្រកាសថា ប្រការនេះបានធ្វើឲ្យប្រទេសឥណ្ឌាក្លាយខ្លួនជាមហាអំណាចទី៤ក្នុងវិស័យអវកាស ព្រោះ ថាកន្លង មក មាន តែ សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ប៉ុណ្ណោះ ដែលសម្រេចបានជោគជ័យដ៏ធំធេងនេះ។
គួរជម្រាបថា យោងតាមការអះអាងរបស់លោក Modi បច្ចេកវិទ្យាដែលឥណ្ឌាទើបសម្រេចបាននេះ នឹងមិនត្រូវយកទៅប្រើប្រាស់ ប្រឆាំង នឹងប្រជាជាតិដទៃណាមួយឡើយ គឺសម្រាប់តែសន្តិសុខរបស់ប្រទេសឥណ្ឌាផ្ទាល់ប៉ុណ្ណោះ៕