(ដាម៉ាស់)៖ រដ្ឋាភិបាល នៃប្រទេសស៊ីរី បានដាក់សំណើជាផ្លូវការ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយ ពាក់ព័ន្ធទៅនឹងការទទួលស្គាល់ របស់ សហរដ្ឋអាមេរិកថា ដែនដី ហ្គោឡេន ហេចស៍ (Golan Heights) ដែលអ៊ីស្រាអែលបាន ដណ្តើមយកពីប្រទេសស៊ីរី ក្នុងសង្គ្រាមកាលពីប៉ុន្មានទសវត្សរ៍មុននេះ គឺជាទឹកដីស្របច្បាប់របស់អ៊ីស្រាអែល។ នេះបើ តាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

ប្រទេសស៊ីរី រុស្ស៊ី អារ៉ាប៊ីសាអូឌីត តួកគី អ៊ីរ៉ង់ និងបណ្តា ប្រទេសក្នុងតំបន់មួយចំនួនទៀត បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនខាងលើ នេះ ខណៈប្រទេសរុស្ស៊ីវិញទើបតែបានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយហៅទង្វើរបស់សហរដ្ឋអាមេរិកថា គឺជាបង្កកដំណោះស្រាយ ឈានទៅរកសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ អ្នកវិភាគខ្លះក៏បានលើកឡើងផងដែរថា វាជាកាដូ របស់ សហរដ្ឋអាមេរិកជូនដល់ នាយករដ្ឋមន្ត្រី លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ សម្រាប់ការបោះឆ្នោតសភាអ៊ីស្រាអែល ដែលជិតឈានចូលមកដល់នៅថ្ងៃទី៩ ខែមេសា ខាងមុខនេះហើយ។

គួរបញ្ជាក់ថា នៅក្នុងលិខិតនោះប្រទេសស៊ីរីបានរំលឹកថា ការដែលសហរដ្ឋអាមេរិក ទទួលស្គាល់ Golan Heights ជាទឹកដីរបស់អ៊ីស្រាអែលដោយចិត្តឯងនោះ វាបានសបញ្ជាក់ឲ្យឃើញរួចទៅហើយថា «ការគោរពច្បាប់អន្តរជាតិគឺគ្មានទៀតនោះឡើយ ព្រោះវាត្រូវបានសម្លាប់ដោយទឹកប៊ិចរបស់ ត្រាំ ដែលបានចុះហត្ថលេខាប្រឆាំងនឹង Golan Heights»។ យ៉ាងណាក៏ដោយប្រទេសស៊ីរីនៅតែអះអាងជានិច្ចថា Golan Heights ជាទឹកដីរបស់ខ្លួន ហើយទីក្រុងដាម៉ាស់មានសិទ្ធិក្នុងការទាមទារយកវាមកគ្រប់គ្រងវិញ៕