(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មូហំាម៉ាត់ (Mahathir Mohamad) បាននិយាយថា ទោះជាបីជាយន្ដហោះចម្បាំងម៉ាឡេស៊ីមានវ័យចំណាស់បន្តិចក៏ពិតមែន តែនៅតែអាចដំណើរការបានយ៉ាងល្អ ហើយអាចប្រើក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ដោយមិនចាំបាច់ត្រូវទិញយន្ដហោះចម្បាំងថ្មីនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
លោក មហាធៀ ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីតាំងពិព័រណ៍យន្ដហោះមួយក្នុងស្រុក ឡាំងកាវី (Langkawi) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៣ឆ្នាំរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះចម្បាំងម៉ាឡេស៊ីត្រូវបានទិញអស់រយៈពេលជាយូរមកហើយក៏ដោយ តែវានៅតែអាចដំណើរការបានយ៉ាងល្អ ក្រោមការថែទាំ យ៉ាងយកចិត្តទុកដាក់... ហើយជាការពិតណាស់ម៉ាឡេស៊ីកំពុងចាប់អារម្មណ៍ ចង់ទិញយន្ដហោះចម្បាំងថ្មី ប៉ុន្តែមិនមែនពេលនេះទេ»។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ម៉ូហាំម៉េដ សាប៊ូ (Mohamad Sabu) បានបង្ហើបថា ក្នុងចំណោមយន្ដហោះ ២៨គ្រឿង របស់កងទ័ពអាកាសម៉ាឡេស៊ីដែលទិញពីរុស្ស៊ី គឺមានតែ ០៤គ្រឿងប៉ុណ្ណោះអាចនៅហោះហើរបាន។ ទោះបីជាបែបនេះក្តី ម៉ាឡេស៊ីមិនទាន់បង្ហើបនោះឡើយថា បើសិនជាខ្លួនត្រូវទិញយន្តហោះចម្បាំងបន្ថែមនោះ នឹងត្រូវទិញពីប្រទេសណា។
ដោយឡែកមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ព័ត៌មានស្តីពីប្រទេសសិង្ហបុរី ដែលបានបញ្ជាទិញយន្តហោះចម្បាំង ពីអាមេរិកបន្ថែមជាច្រើនគ្រឿង រួមទាំងនាវាមុជទឹកពីអាល្លឺម៉ង់ផងដែរនោះ បានទទួលការចាប់អារម្មណ៍ខ្លាំង ខណៈប្រទេសដីកោះនៅជាប់ម៉ាឡេស៊ីបានអះអាងថា ខ្លួនសព្វាវុធទាំងនេះគឺយកមកដើម្បីទប់ទល់នឹងអំពើភេរវកម្ម និងចោរកម្មតាមផ្ទៃសមុទ្រ៕