(អាមេរិក)៖ ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា ខ្លួនបានបិទគណនីក្លែងក្លាយ ជាង ២,៦០០គណីបន្ថែមទៀត ដែលមានការជាប់ពាក់ព័ន្ធនឹងប្រទេសអ៉ីរ៉ង់, រុស្ស៊ី, ម៉ាសេដ្វាន និងប្រទេសកូសូវ៉ូ ហើយមានគោលបំណងធ្វើឲ្យមានឥទ្ធិពល លើការបញ្ចេញ មតិជ្រុលនិយម ផ្នែកនយោបាយ នៅក្នុងផ្នែកផ្សេងៗគ្នានៃពិភពលោក។ នេះបើយោងការដកស្រង់ ការផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ដោយប្រព័ន្ធទំនាក់ទំនង ដែលកំពុងឈានមុខគេ តាមរយៈការបិទគណនីក្លែងក្លាយលើទំព័រ Facebook និង Instagram ដើម្បីធ្វើឲ្យមានឥទ្ធិពលផ្នែកនយោបាយ នៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។
នៅក្នុងសកម្មភាពចុងក្រោយបំផុតនេះ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួនក៏បានលុបចោលទំព័រ (Page), ក្រុម (Group) និងគណនី (Account) ចំនួន ៥១៣ ដែលមានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ ហើយកំពុងប្រតិបត្តិការនៅក្នុងប្រទេសអេហ្ស៊ីប, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីស្រាអ៊ែល, អ៊ីតាលី, តំបន់កាស្មៀ, កាហ្សាក់ស្ថាន និងតំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា និងប្រទេសអាហ្វ្រិកខាងជើង។
គណនីចំនួន ១,៩០៧ទៀត ដែលបានជាប់ពាក់ព័ន្ធនឹង ប្រទេសរុស្ស៊ីក៏ត្រូវបានបិទផងដែរ។ គណនីទាំងនេះត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធលើការធ្វើឲ្យមានឥទ្ធិពលការ បញ្ចេញមនោសញ្ចេតនា ចំពោះនយោបាយ និងព័ត៌មានរបស់ប្រទេសអ៊ុយក្រែន, ស្ថានភាពនៅតំបន់គ្រីមៀ និងអំពើពុករលួយ។
គួររំឮកថា កាលពីដើមខែមីនានេះ, Facebook បានឲ្យដឹងថា ខ្លួនបានបិទគណនីជាច្រើន នៅក្នុងចក្រភពអង់គ្លេស និងរូម៉ានី ពីក្រុមអ្នកប្រើប្រាស់ដែលពាក្យសម្តីស្អប់ខ្ពើម និងមតិធ្វើឲ្យមានការបាក់បែកគ្នា។ ព្រមជាមួយគ្នានោះកាលពីខែមករា ក្រុមហ៊ុន Facebook ក៏បានបិទគណនីរាប់រយផងដែរមកពីប្រទេសអ៊ីរ៉ង់ ដែលវាជាផ្នែកមួយ នៃយុទ្ធនាការរៀបចំឡើងដ៏ធំមួយ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសជាង ២០៕