(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នាថ្ងៃអង្គារ បានប្រកាសថា អវកាសយានិកអាមេរិកត្រូវត្រឡប់ទៅ ជាន់ដីព្រះច័ន្ទសាជាថ្មីក្នុងរយៈពេល៥ឆ្នាំទៀត និងបានព្រមានថាប្រសិនបើទីភ្នាក់ងារអវកាស NASA សម្រេចគោលដៅនេះមិន បានទេនោះ NASA នឹងត្រូវធ្វើការកែទម្រង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ ពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិស្តីពីវិស័យអវកាសរបស់សហរដ្ឋអាមេរិក លោក Pence បាននិយាយថា គោលដៅ បញ្ជូនអវកាសយានិកអាមេរិកឡើងទៅកាន់ផ្ទៃព្រះច័ន្ទ ដូចសហរដ្ឋអាមេរិកធ្លាប់បានធ្វើកាលពីប៉ុន្មានទសវត្សរ៍មុន ក្នុងអំឡុងពេល ចំនួន៥ឆ្នាំខាងមុខ គឺជាគោលនយោបាយ ចម្បងសម្រាប់វិស័យ អវកាស នៃរដ្ឋបាលអាមេរិកបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ លោក Pence បានព្រមានថា នឹងធ្វើការផ្លាស់ប្តូរ ក្នុងអង្គការ NASA គឺមិនមែនបេសកកម្មឡើយ ប្រសិនបើ NASA ពុំមានសមត្ថភាពសម្រេចផែនការ នេះទេនោះ។
គួរជម្រាបថា កាលវិភាគដែលត្រូវបានប្រកាសដោយលោកអនុប្រធានាធិបតីអាមេរិក គឺមានរយៈពេល៤ឆ្នាំលឿនជាង គម្រោងនាពេលបច្ចុប្បន្នរបស់ NASA ដែលបានកំណត់ថា នឹងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០២៨៕