(បាងកក)៖ គណបក្សគាំទ្រលិទ្ធិប្រជាធិបតេយ្យចំនួន៦ ដឹកនាំដោយគណបក្សភឿថៃនឹងធ្វើសេចក្ដីប្រកាសខ្លីមួយពីបំណង របស់ពួកគេក្នុងការបង្កើតរដ្ឋាភិបាលចំរុះនៅព្រឹកថ្ងៃពុធនេះ ខណៈគណបក្សប្រជាធិបតេយ្យបានច្រានចោលការចូលរួម ជាមួយគណបក្សស្និទនឹងអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
គណបក្សប្រជាធិបតេយ្យដែលឈ្នះអាសនៈក្នុងសភា៥៥កៅអី ផ្អែកលើលទ្ធផលមិនផ្លូវ កាលពីថ្ងៃអង្គារបានប្រកាសត្រង់ៗ តែម្ដងថានឹងមិនចូលរួមជាមួយរដ្ឋាភិបាលចំរុះដឹកនាំដោយគណបក្សភឿថៃនោះទេ ស្របពេលគេមើលឃើញថា គណបក្សនេះអាចនឹងរួមដៃនឹងគណបក្សគាំទ្រយោធា Palang Pracharath។ លោក Korn Chatikavanich ដែល ជាអនុប្រធានបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់នៅលើទំព័រ Facebook ដូច្នេះថា៖ «បច្ចុប្បន្នមានពាក្យចចាមអារ៉ាម ជាច្រើន...ដូច្នេះអ្នកទាំងអស់កុំយកចិត្តទុកដាក់ពីវាពេក ហើយសម្រាប់ខ្ញុំវាមិនអាចទៅរួចឡើយដែលយើងត្រួវគាំទ្រ គណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី»។
ដោយឡែក បើតាមប្រភពមិនផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោត គណបក្សមួយចំនួនដូចជា គណបក្សអនាគត ទៅមុខ (Future Forward), គណបក្សសេរីថៃ (Thai Liberal Party), គណបក្សសេដ្ឋកិច្ចថ្មី (New Economic Party), គណបក្ស Puea Chat អាចចូលរួមជាមួយក្រុមចំរុះដឹកនាំដោយគណបក្សភឿថៃ។ ចំណែកឯ ក្រុមចំរុះរបស់គណបក្ស Palang Pracharath អាចមានដូចជាគណបក្សសកម្មភាពចំរុះដើម្បីថៃ (Action Coalition for Thailand), គណបក្ស ប្រជាធិបតេយ្យ, គណបក្សអំណាចតំបន់ (Local Power), គណបក្សអភិរក្សព្រៃឈើថៃ (Thai Forest Conservation)។ គណបក្សដែលមិនទាន់សម្រេចចិត្តថានឹងត្រួវចូលខាងណាក្នុងនោះរួមមានគណបក្ស Bhumjaithai Chartthaipattna, Chart Pattana ,Thai People Power និងគណបក្ស Thai Nation Power។
គួរបញ្ជាក់ថា គណៈកម្មការបោះឆ្នោតថៃកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការពន្យារពេលប្រកាសលទ្ធផលបឋមដែល ពីដំបូងឡើងគ្រោងធ្វើនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃដដែល ប៉ុន្តែត្រូវបានពន្យារទៅម៉ោង ២៖០០នាទីរសៀល ហើយ ជាចុងក្រោយគឺនៅវេលាម៉ោង ៤ ៖០០នាទីរសៀលថ្ងៃចន្ទដដែលនោះ គណៈកម្មការ បានចេញមុខប្រកាសថា លទ្ធផលបឋមពេញលេញនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ។
ជុំវិញការប្រកាសពន្យារពេលជាច្រើនលើ និង ភាពមិនប្រក្រតីជាច្រើនទៀតនោះ លទ្ធផលមិនទាន់ផ្លូវការបានបង្ហាញថា គណបក្សដែលទទួលបានការគាំទ្រច្រើនជាងគេបំផុត គឺគណបក្សភឿថៃដែលស្និទ្ធនឹងលោក ថាក់ស៊ីន សរុបចំនួន ១៣៧អាសនៈ, Palang Pracharat របស់លោក ប្រាយុទ្ធទទួលបាន ១១៧អាសនៈ, គណបក្សអនាគតថ្មី (Future Forward Party) ទទួលបាន ៨០អាសនៈ និងគណបក្សប្រជាធិបតេយ្យរបស់ លោក អាប់ភីស៊ីត ទទួលបាន ៥៣អាសនៈ។
អ្នកវិភាគនានាបានព្រមានថា លទ្ធផលបែបនេះនឹងធ្វើឲ្យប្រទេសថៃពិបាកបង្កើតរដ្ឋាភិបាលថ្មីខ្លាំងណាស់ ពីព្រោះបើ និយាយពីសំឡេង Popular vote វិញ គណបក្ស Palang Pracharat ទទួលបានសំឡេងគាំទ្រ៧.៦លាន រីឯគណបក្សភឿថៃបាន៧.២លានសំឡេង។ លើសពីនេះទៅទៀត លោកប្រាយុទ្ធ ក៏ត្រូវបានគេរំពឹងដែរថានៅតែមាន សង្ឃឹមជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ស្របពេលយោធាមានសំឡេង២៥០ ស្រាប់នៅក្នុងព្រឹទ្ធសភាដែលនឹងចូលរួមជាមួយ សភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។
មួយវិញទៀត បើទោះជាគណបក្សទាំង៦ដឹកនាំដោយគណបក្សភឿថៃ រួមបញ្ចូលគ្នាជាក្រុមចំរុះ នោះពួកគេនឹងទទួល សំឡេងសរុប២៥២អាសនៈដែលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាល ប៉ុន្តែនៅឆ្ងាយពីសំឡេង៣៦៧ដែលតម្រូវក្នុង ការជ្រើសរើសនាយករដ្ឋមន្ត្រី៕