(ហូឡង់)៖ តើអ្នកដឹងទេថា វត្ថុអវកាសអ្វីដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ នៅថ្ងៃទី២៥ ខែមីនា កាលពី៣៦៤ឆ្នាំមុន? នៅថ្ងៃទី២៥ ខែមីនា កាលពីឆ្នាំ១៦៥៥ ព្រះច័ន្ទ Titan របស់ភពសៅរ៍ (Saturn) ត្រូវបានរកឃើញដោយ តារាវិទូជនជាតិហូឡង់ ឈ្មោះ Christiaan Huygens។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space នារសៀលថ្ងៃទីអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ព្រះច័ន្ទ Titan គឺជាព្រះច័ន្ទធំជាងគេបង្អស់របស់ភពសៅរ៍ (Saturn) គឺជា ព្រះច័ន្ទដំបូងបំផុតដែលត្រូវបានរកឃើញ ក្នុងចំណោមព្រះច័ន្ទទាំង ៦២ ដែលគោចរជុំវិញភពសៅរ៍នោះ។ លោក Huygeys បានប្រទះឃើញ Titan តាមរយៈការប្រើប្រាស់តេឡេស្កូបមួយ ដែលលោកបានរចនាឡើងដោយផ្ទាល់ដៃ។ នៅពេលកំពុងសំឡឹងមើលខ្សែក្រវាត់របស់ Saturn លោកក៏បានកត់សម្គាល់ឃើញ ចំណុចតូចមួយ នៅក្បែរ នោះ។
តារាវិទូរូបនេះបានសង្ស័យថា វាប្រហែលជាព្រះច័ន្ទ ប៉ុន្តែដើម្បីឲ្យជាក់ លោកបានបន្តអង្កេតមើលវាប៉ុន្មានថ្ងៃក្រោយមកទៀត ហើយទីបំផុតលោកបានប្រាកដក្នុងចិត្តថា ចំណុចតូចនោះមានគន្លងគោចរជុំវិញភពសៅរ៍ ដូច្នេះហើយវាច្បាស់ជា ព្រះច័ន្ទ ដែលត្រូវបានដាក់ឈ្មោះថា Titan ធំជាងគេ បំផុត របស់ ភពសៅរ៍ និងធំលំដាប់ទី ២ ក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល។
គួរជម្រាបថា រយៈពេលជាង ៣០០ឆ្នាំក្រោយមកទៀត ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបញ្ជូនយានអវកាសមួយទៅកាន់ព្រះច័ន្ទ Titan ហើយដាក់ ឈ្មោះតាមលោក Huygens ដែលយានតូចនេះ គឺត្រូវបានភ្ជាប់ជាមួយយាន Cassini៕