Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះសិង្ហបុរីផ្ទុកមនុស្ស២៨១នាក់ ព្យាយាមចុះចតមុនពេលកំណត់ ក្រោយរងការគម្រាមថាមានគ្រាប់បែក!

26-03-2019 17:31

(សិង្ហបុរី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍សង្ហបុរី (SIA) ប្រភេទ Boeing 777-300ER បានព្យាយាម ធ្វើការចុះចតយ៉ាងបន្ទាន់ ក្រោយពីមានការគម្រាមថា មានគ្រាប់បែកបង្កៃលើ យន្តហោះនោះ ហើយស្ត្រីម្នាក់ និងកូនរបស់នាងត្រូវបានប៉ូលិស សិង្ហបុរី យកទៅឃុំ ជាបណ្តោះអាសន្ន ដើម្បីសួរចម្លើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ការគម្រាមថាមានគ្រាប់បែកខាងលើនេះ បានកើតមានឡើង នៅលើជើងហោះហើរ SQ 423 ដែល មានទិសដៅពីទីក្រុងម៉ុមបៃ (Mumbai) នៃប្រទេសឥណ្ឌា ដោយដឹកអ្នកដំណើរសរុប ២៦៣នាក់ និងអ្នកបម្រើការងារនៅលើនោះ ១៨នាក់ ឆ្ពោះមកកាន់ ប្រទេសសិង្ហបុរី។ យន្តហោះខាងលើនេះត្រូវបាន យន្តហោះរបស់កងទ័ពអាកាស សិង្ហបុរី ចេញទៅហោះអមមកធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិឆាងគី (Changi) នៅវេលាម៉ោង ៨៖០០នាទីព្រឹកម៉ោងនៅប្រទេសសិង្ហបុរី ប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រោយពីការ ចុះចតយ៉ាងបន្ទាន់ប្រមាណ ៣១នាទីលឿនជាងកាលកំណត់ នៅឯអាកាសយានដ្ឋានសិង្ហបុរី ស្ត្រីម្នាក់ និងកូនរបស់នាង ដែលជិះយន្តហោះខាងលើនេះ ត្រូវបានប៉ូលិសសិង្ហបុរី នាំខ្លួនទៅទីស្នាក់ការដើម្បីធ្វើការសួរនាំ ហើយ ក្រោយមកទើបគេដឹងថា វាគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ៕