(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់នាថ្ងៃអង្គារនេះ បានជម្លៀសមនុស្សចេញពីអគារសាលាក្រុងនៅតាមទីក្រុងចំនួន ០៦ ដោយសារមានការគំរាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ការជម្លៀសមនុស្សចេញត្រូវបានធ្វើឡើង នៅសាលាក្រុងក្នុងទីក្រុង អូកស៍ប៊ឺក (Augsburg), ហ្គោតធីងជែន (Göttingen), កៃសឺស្លូធើន (Kaiserslautern), ឆិមនីតស៍ (Chemnitz), នឿនឃើជិន (Neunkirchen), និង រិនស៍ប៊ឺក (Rendsburg) បន្ទាប់ពីមានការផ្ញើសារអ៊ីម៉ែលគម្រាមបំផ្ទុះគ្រាប់បែក ហើយប៉ូលិសប្រចាំក្រុងនីមួយៗ បាន និងកំពុងធ្វើការឆែកឆេររកវត្ថុសង្ស័យ នៅក្នុងអគារសាលាក្រុងទាំងនោះ។

គួរជម្រាបថា អាជ្ញាធរនៅតាមទីក្រុងមួយចំនួនបានបញ្ជាក់ថា ពុំមានវត្ថុសង្ស័យត្រូវបានរកឃើញនោះទេ នៅក្នុងសាលាក្រុងរបស់ពួកគេ ស្របពេលដែលទីក្រុងមួយចំនួនទៀត មិនទាន់ដឹងថាយ៉ាងណានៅឡើយ។ ជាមួយគ្នានេះ ជនដែលសរសេរសារខាងលើ ក៏មិនទាន់ត្រូវបានសមត្ថកិច្ចអាល្លឺម៉ង់រកឃើញនោះដែរ៕