(ប៉ារីស)៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋម្តងទៀត នៅប្រទេសបារាំងក្រោយពីចាប់ដៃគ្នា អស់រយៈពេល០៥ឆ្នាំកន្លងមក។ នៅរសៀលថ្ងៃទី២៥ ខែមីនាតាមម៉ោងតំបន់ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងបានរៀបចំពិធីដ៏ឱឡារឹកនៅទីលាន ឆាឡេស ដឺ ហ្គលឡេ (Charles de Gaulle) នៅទ្វារ អាក ដឺ ទ្រុមប៉េ (Arc de Triomphe) ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ។
ទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង លើកនេះចំឱកាសខួបទី ៥៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិន និងបារាំង។ ដូច្នេះភាគីទាំងពីរចិន និងបារាំងសុទ្ធតែគូសបញ្ជាក់ថា ទស្សនកិច្ចលើកនេះមានអត្ថន័យពិសេស។ នៅមុនថ្ងៃបំពេញទស្សនកិច្ចលោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានថ្លែងថា លោកបាននាំមកនូវមនោសញ្ចេតនាពិសេសចំពោះប្រជាជនបារាំង ហើយនឹងសាបព្រួសក្តីសង្ឃឹមថ្មី នៃកិច្ចសហប្រតិបត្តិការរវាងចិន និងបារាំងផងដែរ។
កាលពីយប់ថ្ងៃទី ២៤ ខែមីនា លោកប្រធានរដ្ឋចិន ស៊ី ជីនភីង និងភរិយារបស់លោកបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយលោក Emmanuel Macron និងភរិយារបស់លោក ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងភរិយានៃប្រមុខរដ្ឋទាំងពីរបានទស្សនា និងលៀងសាយភោជន៍រួមគ្នា ព្រមទាំងបានពិភាក្សាគ្នាអស់រយៈពេល ៣ម៉ោង។ សកម្មភាពផ្លូវរដ្ឋជាផ្លូវការត្រូវបានប្រារព្ធឡើងនៅថ្ងៃបន្ទាប់។
ក្នុងរយៈពេលមិនដល់ ២៤ម៉ោង លោក ស៊ី ជីនភីង បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំងចំនួនពីរដង ដោយបានឈានដល់មតិឯកភាពគ្នាថា ត្រូវបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងបារាំងឲ្យកាន់តែរឹងមាំ និងប្រកបដោយកម្លាំងរស់រវើក ដោយឈរលើចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មីមួយ។
កាលពីឆ្នាំ១៩៦៤កន្លងមក ប្រទេសបារាំងបាននាំមុខក្នុងការបង្កើតទំនាក់ទំនងការទូត ជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសចិន នៅក្នុងចំណោមប្រទេសមហាអំណាចលោកខាងលិច។ គំនិតផែ្នកនយោបាយអន្តរជាតិ នៃប្រទេសទាំងពីរមានចំណុចដូចគ្នាជាច្រើន ដែលបង្កើតទៅជាកម្លាំងចលករដ៏ខ្លាំងក្លាមួយសម្រាប់ការជំរុញទំនាក់ទំនងរវាងចិន និងបារាំងឲ្យរីកចម្រើនឥតឈប់ឈរ។
កិច្ចជំនួបពិភាក្សាលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏បានរៀបចំផែនការកម្រិតខ្ពស់ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងបារាំងក្នុងយុគសម័យថ្មី។ ប្រទេសចិន និងបារាំងគួរតែធ្វើឲ្យកាន់តែល្អប្រសើរលើទាំង ៣ផែ្នក គឺជំនឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរផែ្នកវប្បធម៌ និងមនុស្សជាតិ។ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ ភាគីទាំងពីរបានចុះហត្ថលេខាលើព្រឹត្តិប័ត្រផែ្នកពាណិជ្ជកម្មដែលមានតម្លៃ ១០,០០០លានអឺរ៉ូ ហើយបានសម្រេចចិត្តថា នឹងរៀបចំផែនការដើម្បីជំរុញការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» និងកិច្ចសហប្រតិបត្តិការក្នុងទីផ្សារភាគីទីបី។
ក្នុងកិច្ចជំនួបពិភាក្សាការងារលោក ស៊ី ជីនភីង បានថ្លែងថា ថ្មីៗនេះប្រទេសចិនទើបតែអនុម័តច្បាប់វិនិយោគ សម្រាប់ពាណិជ្ជករបរទេស ដែលនឹងបន្តផ្តល់ភាពងាយស្រួលសម្រាប់ការអនុញ្ញតឲ្យចូលទីផ្សារ ធ្វើឲ្យមានភាពល្អប្រសើរនៃបរិយាកាសធ្វើអាជីវកម្ម បង្កើនការការពារកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតនិម្មាបនកម្មថ្មី នៃការបើកទូលាយចំពោះអន្តរជាតិ។ លោក Macron បានថ្លែងថា ភាគីបារាំងរីករាយចូលរួមយ៉ាងសកម្មក្នុងវេទិកាកំពូលលើកទី ២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ និងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២។
ប្រទេសចិន និងបារាំងសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងសភាពការណ៍ថ្មី លក្ខណៈយុទ្ធសាស្ត្រ លក្ខណៈទូទាំងពិភពលោក និងលក្ខណៈយុគសម័យនៃទំនាក់ទំនងរវាងចិន និងបារាំងកាន់តែលេចធ្លោ។ កិច្ចសហប្រតិបត្តិការដើម្បីជំរុញរបៀបវារៈអន្តរជាតិកាន់តែច្រើន ធ្វើឲ្យអភិបាលកិច្ចទូទាំងពិភពលោក មានភាពពេញលេញ ហើយការគាំពារពហុភាគីនិយម និងពាណិជ្ជកម្មសេរីជាដើមបានក្លាយទៅជាការមូលមតិគ្នាដ៏សំខាន់សម្រាប់ជំនួបពិភាក្សាការងាររវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយរួមសហការជាមួយភាគីបារាំង ដើម្បីរួមចំណែកជាប្រវត្តិសាស្ត្រកាន់តែធំធេង ក្នុងការកសាងពិភពលោកមួយដែលមានសន្តិភាពយូរអង្វែង មានសន្តិសុខជាទូទៅ មានភាពរុងរឿងរួម បើកទូលាយ និងមានបរិយាប័ន្នព្រមទាំងស្រស់ស្អាត។
នៅពេលប្រមុខរដ្ឋនៃប្រទេសទាំងពីរជួបជាមួយអ្នកកាសែត លោក ស៊ី ជីនភីង បានធ្វើការបកស្រាយជាថ្មីម្តងទៀត នូវគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន។ លោកបានមានប្រសាសន៍ថា យើងខ្ញុំកំពុងស្វែងរកនូវសុភមង្គលជូនប្រជាជនចិន ប៉ុន្តែមិនដែលបំភ្លេចកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននោះទេ។
ការអភិវឌ្ឍរបស់ប្រទេសចិន មិនមែនរកតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ ជាក់ស្តែងដូចជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» គឺជាការអភិវឌ្ឍដោយសន្តិភាព ទទួលបានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ដែលគ្រប់ប្រទេសរួមកសាង រួមពិភាក្សា និងចែករំលែកលទ្ធផលជាមួយគ្នា ហើយបំណងចុងក្រោយ គឺដើម្បីបង្កើតនូវការរួមរស់នៅជាមួយគ្នា ដោយមានភាពសុខដុមរមនានៃមនុស្សជាតិ ដែលនេះជាស្នូលនៃអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រ ៥,០០០ឆ្នាំផងដែរ៕