Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកធ្វើតេស្ដបាញ់កម្ទេចមីស៊ីលអន្តរទ្វីប ICBM ដោយជោគជ័យ

26-03-2019 15:54

(វ៉ាស៊ីនតោន)៖ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល (GBI) របស់កងទ័ពអាកាសអាមេរិកបានស្ទាក់ចាប់ និងបំផ្លាញដោយជោគជ័យ នូវមីស៊ីលអន្តរទ្វីប ICBM នៅក្នុងការធ្វើតេស្ដមួយនាពេលថ្មីនេះ ខណៈកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញ សន្ធិសញ្ញានុយក្លេអ៊ែរ (INF)។ នេះបើតាមទីភ្នាក់ងារការពារមីស៊ីលអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ទីភ្នាក់ងារការពារមីស៊ីលអាមេរិក នៅសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងទៀតថា មីស៊ីល ICBM ដែលតំណាងមីស៊ីលសត្រូវ ត្រូវបានបាញ់ចេញពីទីតាំងបាញ់សាកល្បង Reagan នៃតំបន់ Kwajalein Atoll ស្ថិតនៅលើកោះ Marshall មានចំងាយ៦,៤៣៧គីឡូម៉ែត្រពីប្រព័ន្ធស្ទាក់ចាប់មីស៊ីល GBI ចំនួន២ ដែលបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា។ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលនេះទៀតសោត ក៏បានស្ទាក់ចាប់ និងបំផ្លាញដោយជោគជ័យនូវមីស៊ីលអន្តរទ្វីប ICBM នៅក្នុងការធ្វើតេស្ដនេះផងដែរ។

គួរជម្រាបថា ការធ្វើតេស្តមីស៊ីលរបស់សហរដ្ឋអាមេរិក ធ្វើឡើងនៅចំពេលកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញ ការដកខ្លួន​ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) និងបន្ទាប់ពីទីក្រុងម៉ូស្គូប្រកាសពីជោគជ័យក្នុងការផលិតបានដោយ ជោគជ័យមីស៊ីលលឿនជាងសំឡេង៕